អេសេគាល 45:19-25 KHOV

19 ឯ​សង្ឃ​ត្រូវ​យក​ឈាម​ដង្វាយ​លោះ​បាប​នោះ ទៅ​ប្រឡាក់​នៅ​ក្រប​ទ្វារ​ព្រះ‌វិហារ ហើយ​នៅ​គន្លាក់​នៃ​អាស‌នា​ទាំង​៤​ជ្រុង ព្រម​ទាំង​នៅ​ក្រប​ទ្វារ​កំផែង​នៃ​ទីលាន​ខាង​ក្នុង​ផង

20 ហើយ​នៅ​ថ្ងៃ​ទី​៧​ខែ​នោះ ត្រូវ​ធ្វើ​ដូច​គ្នា​ទៀត សំរាប់​អស់​អ្នក​ណា​ដែល​វង្វេង​ចេញ ហើយ​សំរាប់​អ្នក​ណា​ដែល​ខ្លៅ​ល្ងង់​ដែរ យ៉ាង​នោះ​ឯង​នឹង​បាន​ធួន​នឹង​ព្រះ‌វិហារ។

21 លុះ​ដល់​ថ្ងៃ​១៤​ក្នុង​ខែ​ដំបូង នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​បុណ្យ​រំលង ជា​បុណ្យ​ដែល​ត្រូវ​ធ្វើ​អស់​៧​ថ្ងៃ ហើយ​ត្រូវ​ស៊ី​តែ​នំបុ័ង​ឥត​ដំបែរ​ម្យ៉ាង

22 នៅ​ថ្ងៃ​នោះ ចៅ‌ហ្វាយ​ត្រូវ​រៀប‌ចំ​គោ​ឈ្មោល​១ ទុក​ជា​ដង្វាយ​លោះ​បាប សំរាប់​ខ្លួន​លោក និង​បណ្តា‌ជន​នៅ​ក្នុង​ស្រុក​ដែរ

23 ហើយ​ក្នុង​រវាង​៧​ថ្ងៃ​នៃ​បុណ្យ នោះ​លោក​ត្រូវ​រៀប‌ចំ​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​៧ និង​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ​រាល់ៗ​ថ្ងៃ​គ្រប់​៧​ថ្ងៃ​នោះ ព្រម​ទាំង​ពពែ​ឈ្មោល​១​រាល់​ថ្ងៃ​ដែរ ទុក​ជា​ដង្វាយ​លោះ​បាប

24 ក៏​ត្រូវ​រៀប​ដង្វាយ​ម្សៅ​ដែរ គឺ​ត្រូវ​យក​១​ថាំង​សំរាប់​គោ​១ និង​១​ថាំង​សំរាប់​ចៀម​ឈ្មោល​១ ហើយ​ប្រេង​៨​កំប៉ុង​សំរាប់​ម្សៅ​១​ថាំង

25 ដល់​ថ្ងៃ​១៥​ខែ​អស្សុជ ក្នុង​ពេល​បុណ្យ​នោះ លោក​ត្រូវ​ធ្វើ​ដូច្នោះ​ទៀត​គ្រប់​ទាំង​៧​ថ្ងៃ តាម​របៀប​ដង្វាយ​លោះ​បាប ដង្វាយ​ដុត ដង្វាយ​ម្សៅ និង​ដង្វាយ​ប្រេង​ដែរ។