អេសេគាល 46:8-14 KHOV

8 កាល​ណា​ចៅ‌ហ្វាយ​ចូល នោះ​លោក​ត្រូវ​ចូល​តាម​ផ្លូវ​បាំង‌សាច​នៃ​ទ្វារ​កំផែង ហើយ​ក៏​ត្រូវ​ចេញ​ទៅ​វិញ តាម​ផ្លូវ​ដដែល​ដែរ។

9 ប៉ុន្តែ កាល​ណា​ពួក​ជន​ក្នុង​ស្រុក​ចូល​មក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​វេលា​ថ្ងៃ​បុណ្យ​មាន​កំណត់ នោះ​អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​ទ្វារ​ទិស​ខាង​ជើង ដើម្បី​នឹង​ថ្វាយ‌បង្គំ​ត្រូវ​តែ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ត្បូង​វិញ ហើយ​អ្នក​ណា​ដែល​ចូល​តាម​ទ្វារ​ទិស​ខាង​ត្បូង នោះ​ត្រូវ​តែ​ចេញ​តាម​ផ្លូវ​ទ្វារ​ខាង​ជើង​ទៅ គេ​មិន​ត្រូវ​វិល​ទៅ​វិញ តាម​ផ្លូវ​នៃ​ទ្វារ​ដែល​គេ​បាន​ចូល​នោះ​ឡើយ គឺ​ត្រូវ​ចេញ​ទៅ​តាម​ផ្លូវ​ត្រង់​ខាង​មុខ​ជា​រហូត​ទៅ

10 ហើយ​កាល​ណា​គេ​ចូល​ទៅ នោះ​ចៅ‌ហ្វាយ​នឹង​ចូល​ទៅ​នៅ​កណ្តាល​ពួក​គេ រួច​កាល​ណា​គេ​ចេញ​ទៅ នោះ​នឹង​ចេញ​ទៅ​ជា​មួយ​គ្នា​ដែរ។

11 រីឯ​នៅ​ថ្ងៃ​បុណ្យ និង​បុណ្យ​មាន​កំណត់ នោះ​ត្រូវ​ថ្វាយ​ដង្វាយ​ម្សៅ​ជា​១​ថាំង​សំរាប់​គោ​ឈ្មោល​១ និង​១​ថាំង​សំរាប់​ចៀម​ឈ្មោល​១ ហើយ​ត្រង់​កូន​ចៀម​ទាំង​ប៉ុន្មាន នោះ​ត្រូវ​តាម​តែ​លោក​អាច​នឹង​ថ្វាយ​បាន ហើយ​ប្រេង​ត្រូវ​ជា​៨​កំប៉ុង​សំរាប់​ម្សៅ​១​ថាំង

12 កាល​ណា​ចៅ‌ហ្វាយ​នឹង​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ជា​ដង្វាយ​ដុត ឬ​ដង្វាយ​មេត្រី ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ស្ម័គ្រ​ពី​ចិត្ត នោះ​ត្រូវ​ឲ្យ​គេ​បើក​ទ្វារ​ខាង​កើត​នោះ​ជូន​លោក រួច​លោក​នឹង​រៀប​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​របស់​លោក ដូច​ជា​ធ្លាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ ស្រេច​ហើយ លោក​នឹង​ចេញ​ទៅ លុះ​លោក​បាន​ចេញ​ទៅ​ហើយ នោះ​គេ​នឹង​បិទ​ទ្វារ​វិញ។

13 រាល់​តែ​ថ្ងៃ ត្រូវ​ឲ្យ​រៀប​កូន​ចៀម​១​ឥត​ខ្ចោះ អាយុ​១​ខួប ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ថ្វាយ​ដង្វាយ​នេះ​រាល់​តែ​ព្រឹក​ជានិច្ច

14 ហើយ​រាល់​តែ​ព្រឹក ត្រូវ​រៀប​ដង្វាយ​ម្សៅ​ជា​មួយ​ផង គឺ​ជា​ម្សៅ​១​ភាគ​ក្នុង​៦​ក្នុង​១​ថាំង និង​ប្រេង​១​ភាគ​ក្នុង​៣​ក្នុង​១​ហីន ដើម្បី​លាយ​នឹង​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ ជា​ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជានិច្ច តាម​ច្បាប់​ដ៏​នៅ​ជា​ដរាប​ត​ទៅ