11 តែទីល្បាប់ និងបឹងនៅទីនោះ នឹងមិនបានសាបល្អវិញទេ កន្លែងទាំងនោះនឹងបានទុកសំរាប់ធ្វើអំបិលវិញ
12 ឯតាមមាត់ច្រាំងទាំងសងខាងទន្លេនោះ នឹងមានដុះដើមឈើគ្រប់យ៉ាង សំរាប់ជាអាហារ ជាដើមដែលស្លឹកមិនស្រពោនឡើយ ហើយមិនដែលខានមានផ្លែដែរ គឺនឹងកើតផ្លែថ្មីរាល់តែខែ ពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមក ហើយផ្លែឈើទាំងនោះ នឹងបានសំរាប់ជាអាហារ ឯស្លឹកក៏សំរាប់នឹងកែរោគឲ្យជាដែរ។
13 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា នេះជាព្រំស្រុក ដែលឯងរាល់គ្នានឹងចែកទុកជាមរដក តាមពូជអំបូរសាសន៍អ៊ីស្រាអែលទាំង១២ ឯពួកយ៉ូសែប នឹងត្រូវបាន២ចំណែក
14 ឯងរាល់គ្នានឹងបានស្រុកទុកជាមរដកស្មើគ្នាទាំងអស់ ដ្បិតអញបានស្បថនឹងឲ្យស្រុកនេះដល់ពួកអយ្យកោឯងរាល់គ្នាហើយ ដូច្នេះ ស្រុកនេះនឹងបានបន្តដល់ឯងរាល់គ្នា ទុកជាមរដកដែរ
15 នេះជាព្រំស្រុក គឺខាងជើងនោះ ចាប់ផ្តើមពីសមុទ្រធំ តាមផ្លូវក្រុងហេតឡូនរហូតដល់ផ្លូវចូលក្រុងសេដាត់
16 ក្រុងហាម៉ាត ក្រុងបេរ៉ូថា ក្រុងស៊ីបរ៉ែម ដែលនៅកណ្តាលដែនស្រុកដាម៉ាស និងស្រុកហាម៉ាត ហើយហាសា-ហាទីកុន ដែលនៅក្បែរព្រំស្រុកហាវរ៉ុន
17 ដូច្នេះ ព្រំស្រុកនឹងចាប់តាំងពីសមុទ្រ គឺហាសា-អេណាន រហូតដល់ស្រុកដាម៉ាស ឯខាងជើងនោះជាព្រំស្រុកហាម៉ាត នេះហើយជាព្រំដែនខាងជើង