អេសេគាល 47:12-18 KHOV

12 ឯ​តាម​មាត់​ច្រាំង​ទាំង​សង​ខាង​ទន្លេ​នោះ នឹង​មាន​ដុះ​ដើម​ឈើ​គ្រប់​យ៉ាង សំរាប់​ជា​អាហារ ជា​ដើម​ដែល​ស្លឹក​មិន​ស្រពោន​ឡើយ ហើយ​មិន​ដែល​ខាន​មាន​ផ្លែ​ដែរ គឺ​នឹង​កើត​ផ្លែ​ថ្មី​រាល់​តែ​ខែ ពី​ព្រោះ​ទឹក​នោះ​ចេញ​ពី​ទី​បរិសុទ្ធ​មក ហើយ​ផ្លែ​ឈើ​ទាំង​នោះ នឹង​បាន​សំរាប់​ជា​អាហារ ឯ​ស្លឹក​ក៏​សំរាប់​នឹង​កែ​រោគ​ឲ្យ​ជា​ដែរ។

13 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នេះ​ជា​ព្រំ​ស្រុក ដែល​ឯង​រាល់​គ្នា​នឹង​ចែក​ទុក​ជា​មរដក តាម​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​១២ ឯ​ពួក​យ៉ូសែប នឹង​ត្រូវ​បាន​២​ចំណែក

14 ឯង​រាល់​គ្នា​នឹង​បាន​ស្រុក​ទុក​ជា​មរដក​ស្មើ​គ្នា​ទាំង​អស់ ដ្បិត​អញ​បាន​ស្បថ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពួក​អយ្យកោ​ឯង​រាល់​គ្នា​ហើយ ដូច្នេះ ស្រុក​នេះ​នឹង​បាន​បន្ត​ដល់​ឯង​រាល់​គ្នា ទុក​ជា​មរដក​ដែរ

15 នេះ​ជា​ព្រំ​ស្រុក គឺ​ខាង​ជើង​នោះ ចាប់​ផ្តើម​ពី​សមុទ្រ​ធំ តាម​ផ្លូវ​ក្រុង​ហេត‌ឡូន​រហូត​ដល់​ផ្លូវ​ចូល​ក្រុង​សេដាត់

16 ក្រុង​ហាម៉ាត ក្រុង​បេរ៉ូថា ក្រុង​ស៊ីបរ៉ែម ដែល​នៅ​កណ្តាល​ដែន​ស្រុក​ដាម៉ាស និង​ស្រុក​ហាម៉ាត ហើយ​ហាសា-ហាទីកុន ដែល​នៅ​ក្បែរ​ព្រំ​ស្រុក​ហាវរ៉ុន

17 ដូច្នេះ ព្រំ​ស្រុក​នឹង​ចាប់​តាំង​ពី​សមុទ្រ គឺ​ហាសា-អេណាន រហូត​ដល់​ស្រុក​ដាម៉ាស ឯ​ខាង​ជើង​នោះ​ជា​ព្រំ​ស្រុក​ហាម៉ាត នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​ជើង

18 ឯ​ខាង​កើត នោះ​ត្រូវ​ឲ្យ​វាស់​តាម​ទន្លេ​យ័រដាន់ នៅ​ជា​កណ្តាល​ស្រុក​ហាវរ៉ុន ស្រុក​ដាម៉ាស និង​ស្រុក​កាឡាត​ម្ខាង និង​ស្រុក​អ៊ីស្រា‌អែល​ម្ខាង ចាប់​តាំង​ពី​ព្រំ​ស្រុក​ខាង​ជើង រហូត​ដល់​សមុទ្រ​ខាង​កើត នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​កើត