8 លោកក៏ប្រាប់ខ្ញុំថា ទឹកនេះហូរចេញទៅទិសខាងកើតធ្លាក់ចុះទៅដល់ស្រុកវាល រួចនឹងហូរធ្លាក់ទៅឯសមុទ្រ លុះហូរធ្លាក់ទៅក្នុងសមុទ្រហើយ នោះទឹកសមុទ្រនឹងទៅជាល្អវិញ
9 ហើយគ្រប់ទាំងសត្វមានជីវិត ដែលរវើកនៅគ្រប់កន្លែងណាដែលទន្លេនោះហូរ នឹងបានរស់នៅ ក៏នឹងមានត្រីយ៉ាងសន្ធឹក ដោយព្រោះទឹកទាំងនេះបានហូរទៅដល់ទីនោះ ហើយទឹកសមុទ្រនោះនឹងបានល្អ ឯកន្លែងណាដែលទឹកទន្លេនេះហូរទៅដល់ នោះគ្រប់ទាំងអស់នឹងរស់នៅ
10 ពួកនេសាទត្រីនឹងឈរនៅមាត់ទឹកនោះ ចាប់តាំងពីអេន-កេឌី រហូតដល់អេន-អេកលែម ទីនោះនឹងបានជាទីសំរាប់បង់សំណាញ់ ឯត្រីនៅក្នុងទឹកនោះ នឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជ ដូចជាត្រីនៅក្នុងសមុទ្រធំដែរ
11 តែទីល្បាប់ និងបឹងនៅទីនោះ នឹងមិនបានសាបល្អវិញទេ កន្លែងទាំងនោះនឹងបានទុកសំរាប់ធ្វើអំបិលវិញ
12 ឯតាមមាត់ច្រាំងទាំងសងខាងទន្លេនោះ នឹងមានដុះដើមឈើគ្រប់យ៉ាង សំរាប់ជាអាហារ ជាដើមដែលស្លឹកមិនស្រពោនឡើយ ហើយមិនដែលខានមានផ្លែដែរ គឺនឹងកើតផ្លែថ្មីរាល់តែខែ ពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមក ហើយផ្លែឈើទាំងនោះ នឹងបានសំរាប់ជាអាហារ ឯស្លឹកក៏សំរាប់នឹងកែរោគឲ្យជាដែរ។
13 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា នេះជាព្រំស្រុក ដែលឯងរាល់គ្នានឹងចែកទុកជាមរដក តាមពូជអំបូរសាសន៍អ៊ីស្រាអែលទាំង១២ ឯពួកយ៉ូសែប នឹងត្រូវបាន២ចំណែក
14 ឯងរាល់គ្នានឹងបានស្រុកទុកជាមរដកស្មើគ្នាទាំងអស់ ដ្បិតអញបានស្បថនឹងឲ្យស្រុកនេះដល់ពួកអយ្យកោឯងរាល់គ្នាហើយ ដូច្នេះ ស្រុកនេះនឹងបានបន្តដល់ឯងរាល់គ្នា ទុកជាមរដកដែរ