អេសេគាល 48:13-19 KHOV

13 ឯ​ប្រទល់​នឹង​ស្រុក​របស់​ពួក​សង្ឃ នោះ​ពួក​លេវី​ត្រូវ​មាន​ដី​បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ទទឹង​១​ម៉ឺន​ខ្នាត គឺ​២​ម៉ឺន​៥​ពាន់​ខ្នាត តាម​បណ្តោយ​រហូត ហើយ​១​ម៉ឺន​តាម​ទទឹង​រហូត

14 មិន​ត្រូវ​ឲ្យ​គេ​លក់​អ្វី​ពី​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្តូរ ឬ​បញ្ជូន​ផល​ដំបូង​ចេញ​ទៅ​ឯ​ណា​ដែរ ដ្បិត​ផល​នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។

15 ឯ​ដី​៥​ពាន់​ខ្នាត​ដែល​សល់​នៅ​តាម​ទទឹង​ដែល​នៅ​ខាង​មុខ​ចំណែក​២​ម៉ឺន​៥​ពាន់​ខ្នាត នោះ​សំរាប់​ប្រើ​ជុំ​គ្នា​សំរាប់​ជា​ទី​ក្រុង ឲ្យ​ធ្វើ​ទី​លំនៅ ហើយ​សំរាប់​ជា​ដី​ទំនេរ ឯ​ទី​ក្រុង ត្រូវ​នៅ​កណ្តាល​នោះ

16 ហើយ​ទំហំ​ទី​ក្រុង​នោះ គឺ​ខាង​ជើង ត្រូវ​ជា​៤៥០០​ខ្នាត ខាង​ត្បូង​៤៥០០​ខ្នាត ខាង​កើត​៤៥០០​ខ្នាត ហើយ​ខាង​លិច​៤៥០០​ខ្នាត​ដែរ

17 ទី​ក្រុង​នោះ​ត្រូវ​មាន​ដី​ទំនេរ​នៅ​ជុំវិញ គឺ​ខាង​ជើង ត្រូវ​មាន​២៥០​ខ្នាត ខាង​ត្បូង​២៥០​ខ្នាត ខាង​កើត​២៥០​ខ្នាត និង​ខាង​លិច​២៥០​ខ្នាត​ដែរ

18 ហើយ​ដី​ដែល​សល់​នៅ​តាម​បណ្តោយ ដែល​ជាប់​ត​ពី​ដី​បរិសុទ្ធ នោះ​ខាង​កើត​ត្រូវ​ជា​១​ម៉ឺន​ខ្នាត ហើយ​ខាង​លិច​១​ម៉ឺន​ខ្នាត នោះ​ជា​ដី​ជាប់​ត​ពី​ដី​បរិសុទ្ធ ឯ​ផល​ចំរើន​ពី​ដី​នោះ នឹង​បាន​សំរាប់​ជា​អាហារ​ដល់​ពួក​អ្នក​ដែល​រក​ស៊ី នៅ​ក្នុង​ទី​ក្រុង

19 ពួក​អ្នក​ដែល​រក​ស៊ី​ធ្វើ​ការ​នៅ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​ពូជ​អំបូរ​អ៊ីស្រា‌អែល គេ​នឹង​ភ្ជួរ‌រាស់​ដី​នោះ