21 ឯដីដែលសល់ នៅនោះនឹងបានសំរាប់ចៅហ្វាយ គឺនៅទាំងសងខាងដីបរិសុទ្ធនោះ និងកន្លែងសំរាប់ទីក្រុងដែលនៅខាងមុខដីបរិសុទ្ធទាំង២ម៉ឺន៥ពាន់ខ្នាត ចេញទៅឯព្រំស្រុកខាងកើត ហើយនៅមុខ២ម៉ឺន៥ពាន់ខ្នាត ចេញទៅឯព្រំស្រុកខាងលិច ឲ្យប៉ុនស្មើនឹងចំណែកដីឯទៀត នោះនឹងបានទុកសំរាប់ចៅហ្វាយ ហើយដីបរិសុទ្ធដែលបានថ្វាយ និងទីបរិសុទ្ធរបស់ព្រះវិហារ នោះត្រូវនៅកណ្តាលនោះ
22 ដូច្នេះ ដីដែលត្រូវទុកសំរាប់ចៅហ្វាយ នោះជាដីដែលជាប់តពីដីរបស់ពួកលេវី ហើយពីដីសំរាប់ទីក្រុង គឺទាំងអស់ដែលនៅកណ្តាលព្រំស្រុកយូដា និងព្រំស្រុកបេនយ៉ាមីន នោះត្រូវទុកសំរាប់ចៅហ្វាយ។
23 រីឯពូជអំបូរឯទៀត ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរបេនយ៉ាមីន
24 ហើយតាមព្រំស្រុករបស់បេនយ៉ាមីន ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរស៊ីម្មាន
25 ហើយតាមព្រំស្រុករបស់ស៊ីម្មាន ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរអ៊ីសាខារ
26 ហើយតាមព្រំស្រុករបស់ពួកអ៊ីសាខារ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរសាប់យូល៉ូន
27 ហើយតាមព្រំស្រុករបស់សាប់យូល៉ូន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរកាឌ់