អេសេគាល 5:4-10 KHOV

4 រួច​ពី​ចំនួន​សរសៃ​សក់​ទាំង​នោះ ត្រូវ​ឲ្យ​ឯង​យក​ខ្លះ​បោះ​ទៅ​ក្នុង​ភ្លើង​ដុត​ទៅ នឹង​មាន​ភ្លើង​ចេញ​ពី​នោះ​មក ទាស់​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់។

5 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នេះ​គឺ​ជា​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​តាំង​ឲ្យ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ និង​ប្រទេស​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ

6 ប៉ុន្តែ​វា​បាន​រឹង‌ទទឹង​នឹង​បញ្ញត្ត​ច្បាប់​របស់​អញ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​អស់​ទាំង​សាសន៍ ហើយ​រឹង‌ទទឹង​នឹង​ក្រឹត្យ‌ក្រម​របស់​អញ លើស​ជាង​ប្រទេស​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ដ្បិត​គេ​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ច្បាប់​របស់​អញ​ឥត​ដែល​ដើរ​តាម​សោះ

7 ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ជ្រួល‌ជ្រើម​លើស​ជាង​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំវិញ​ឯង ក៏​មិន​បាន​ដើរ​តាម​ច្បាប់​អញ ឬ​រក្សា​បញ្ញត្ត​អញ ហើយ​មិន​បាន​ប្រព្រឹត្ត​តាម​បញ្ញត្ត​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​ឯង​ផង

8 បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ គឺ​អញ​នេះ​ហើយ បាន​ទាស់​នឹង​ឯង អញ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌ នៅ​កណ្តាល​ឯង ឲ្យ​សាសន៍​ដទៃ​បាន​ឃើញ​ដែរ

9 អញ​នឹង​ធ្វើ​ការ​១​នៅ​ក្នុង​ឯង ជា​ការ​ដែល​អញ​មិន​ដែល​ធ្វើ​ពី​ដើម​មក ហើយ​ទៅ​មុខ​ទៀត​ក៏​មិន​ដែល​ធ្វើ​ឲ្យ​ដូច​ឡើយ ដោយ​ព្រោះ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​ឯង

10 ដូច្នេះ ឪពុក​នឹង​ស៊ី​កូន ហើយ​កូន​នឹង​ស៊ី​ឪពុក​នៅ​កណ្តាល​ឯង ហើយ​អញ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ឯង ព្រម​ទាំង​កំចាត់‌កំចាយ​សំណល់​របស់​ឯង​ទៅ​តាម​ខ្យល់​ពី​គ្រប់​ទិស