9 ឯពួកអ្នកដែលរួច គេនឹងនឹកចាំពីអញនៅកណ្តាលអស់ទាំងសាសន៍ ដែលគេត្រូវដឹកនាំទៅជាឈ្លើយនោះ គឺនឹកពីអញ ដែលបានបំបាក់ចិត្តកំផិតរបស់គេ ដែលបានប្រាសចេញពីអញទៅ ព្រមទាំងភ្នែកគេដែលផិតតាមរូបរបស់ព្រះខ្លួនផង នោះគេនឹងមើលខ្លួន ដោយខ្ពើមឆ្អើម ព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ក្នុងអស់ទាំងការគួរស្អប់ខ្ពើមរបស់គេ
10 គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ហើយដែលអញបានថា នឹងធ្វើការអាក្រក់ទាំងនេះដល់គេ នោះមិនមែនជាពាក្យលេងទេ។
11 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរទះដៃ ហើយតន្ត្រំជើងចុះ ដោយពាក្យថា វរហើយ ដោយព្រោះការគួរស្អប់ខ្ពើមដ៏អាក្រក់ របស់ពូជពង្សអ៊ីស្រាអែល ដ្បិតគេនឹងត្រូវដួលដោយដាវ ដោយអំណត់អត់ ហើយដោយអាសន្នរោគ
12 អ្នកណាដែលនៅឆ្ងាយ នឹងស្លាប់ដោយអាសន្នរោគ អ្នកដែលនៅជិត នឹងស្លាប់ដោយដាវ ហើយពួកសល់នៅក្នុងទីក្រុង ដែលត្រូវគេឡោមព័ទ្ធ នោះនឹងស្លាប់ដោយអំណត់អត់វិញ គឺយ៉ាងនោះដែលអញនឹងសំរេចសេចក្ដីក្រោធរបស់អញដល់គេ
13 ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលពួកអ្នកដែលត្រូវគេសំឡាប់ បានដេករណែលកណ្តាលអស់ទាំងរូបព្រះរបស់ខ្លួន នៅជុំវិញអាសនា លើគ្រប់ទាំងទួលខ្ពស់គ្រប់ទាំងកំពូលភ្នំ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី និងនៅក្រោមគ្រប់ទាំងដើមម៉ៃសាក់ញឹកស្នឹត ជាកន្លែងដែលគេបានដុតគ្រឿងក្រអូប ថ្វាយដល់រូបព្រះទាំងប៉ុន្មានរបស់គេ
14 អញនឹងលូកដៃទៅលើគេ និងធ្វើឲ្យស្រុកគេត្រូវខូចបង់ ហើយស្ងាត់ច្រៀប លើសជាងទីរហោស្ថានដែលនៅខាងឌីបឡាទៅទៀត គឺនៅគ្រប់ទាំងទីកន្លែងណាដែលគេអាស្រ័យនៅផង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។