អេសេគាល 7:8-14 KHOV

8 ឥឡូវ​នេះ អញ​ហៀប​នឹង​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​ឯង ហើយ​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ​ដល់​ឯង អញ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​អំពើ​ដែល​ឯង​ប្រព្រឹត្ត ហើយ​នឹង​ទំលាក់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ទៅ​លើ​ឯង​ផង

9 ភ្នែក​អញ​នឹង​មិន​ប្រណី​ឡើយ អញ​ក៏​មិន​អាណិត​មេត្តា​ដល់​ឯង​ដែរ អញ​នឹង​សង​ឯង​តាម​អំពើ​ដែល​ឯង​ប្រព្រឹត្ត ហើយ​របស់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​នៅ​កណ្តាល​ឯង​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ដែល​វាយ​ឯង​ពិត។

10 មើល‌ន៏ ថ្ងៃ​ដល់​ហើយ មើល កំពុង​តែ​មក​កំណត់​បាន​ចេញ​បំព្រាង​មក​ហើយ ឯ​ដំបង បាន​បែក​ផ្កា សេចក្ដី​អំនួត​បាន​ប៉ិច​ឡើង

11 សេចក្ដី​ច្រឡោត​បាន​ដុះ​ឡើង ជា​ដំបង​នៃ​សេចក្ដី​អាក្រក់ ឥត​មាន​ពួក​គេ​ណា ឬ​ពួក​ទ័ព​កក‌កុញ​របស់​គេ ឬ​ទ្រព្យ‌សម្បត្តិ​របស់​គេ​ណា​បាន​រួច​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​សោក​ស្រណោះ​ដល់​គេ​ដែរ

12 ពេល​វេលា​បាន​មក​ដល់ ថ្ងៃ​កាន់​តែ​ជិត​ហើយ កុំ​បី​ឲ្យ​អ្នក​ដែល​ទទួល​បញ្ចាំ បាន​អរ​សប្បាយ ឬ​អ្នក​ដែល​លក់​បញ្ចាំ​ឲ្យ​គេ បាន​ស្តាយ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​បាន​មក​លើ​អស់​ទាំង​ពួក​កក‌កុញ​នេះ​ហើយ

13 ឯ​អ្នក​ដែល​បញ្ចាំ ទោះ​បើ​បាន​គង់​ជីវិត​នៅ​ក៏​ដោយ គង់​តែ​មិន​ត្រឡប់​ទៅ​ឯ​ធន‌ធាន ដែល​បាន​បញ្ចាំ​វិញ​នោះ​ទេ ដ្បិត​ការ​ជាក់‌ស្តែង​នេះ​ដំរូវ​លើ​ជន‌ជាតិ​ទាំង​អស់​គ្នា នឹង​គ្មាន​ណា​មួយ​វិល​មក​វិញ​ឡើយ ក៏​ឥត​មាន​អ្នក​ណា​អាច​ឲ្យ​ជីវិត​ខ្លួន​ស្ថិត‌ស្ថេរ​នៅ​ដោយ​អំពើ​ទុច្ចរិត​បាន​ដែរ។

14 គេ​បាន​ផ្លុំ​ត្រែ ហើយ​ទាំង​អស់​បាន​រៀប​ជា​ស្រេច តែ​គ្មាន​អ្នក​ណា​ចេញ​ទៅ​តស៊ូ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​របស់​អញ គ្រប​សង្កត់​លើ​ពួក​ទ័ព​កក‌កុញ​របស់​គេ​ទាំង​អស់