10 ដូច្នេះ ខ្ញុំក៏ចូលទៅមើល ហើយឃើញមានគំនូរគ្រប់ទាំងសត្វលូនវារ សត្វគួរខ្ពើមឆ្អើម និងអស់ទាំងរូបព្រះរបស់ពូជពង្សសាសន៍អ៊ីស្រាអែល ដែលគេគូរនៅជញ្ជាំងជុំវិញ
11 ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែល៧០នាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្តាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងនៃគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់
12 នោះទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ តើឃើញអំពើ ដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសំងាត់ នៅក្នុងគំនិតយល់ឃើញនៃគេរៀងខ្លួនឬទេ ដ្បិតគេថា ព្រះយេហូវ៉ាទ្រង់មិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ
13 ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំទៀតថា ចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើមយ៉ាងសំបើម ដែលគេប្រព្រឹត្តទៀត។
14 រួចទ្រង់នាំខ្ញុំទៅដល់មាត់ទ្វាររបស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលបើកទៅខាងជើង នៅទីនោះក៏ឃើញពួកស្រីៗអង្គុយយំនឹងព្រះថាមូស
15 នោះទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ ឯងឃើញឬទេ ចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើមយ៉ាងសំបើមជាងនេះទៅទៀត។
16 រួចទ្រង់នាំខ្ញុំ ចូលទៅឯទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា នោះឃើញត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្តាលបាំងសាច និងអាសនា មានមនុស្សប្រហែលជា២៥នាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យ នៅទិសខាងកើតនោះ