អេសេគាល 8:11-17 KHOV

11 ក៏​មាន​ពួក​ចាស់‌ទុំ​នៃ​ពួក​អ៊ីស្រា‌អែល​៧០​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ហើយ​មាន​យ្អាសានា​ជា​កូន​សាផាន ឈរ​នៅ​កណ្តាល​គេ គ្រប់​គ្នា​កាន់​ជើង‌ពាន ហើយ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ហុយ​ឡើង​យ៉ាង​ក្រាស់

12 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ ដែល​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល ធ្វើ​ដោយ​សំងាត់ នៅ​ក្នុង​គំនិត​យល់​ឃើញ​នៃ​គេ​រៀង​ខ្លួន​ឬ​ទេ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ឃើញ​យើង​ទេ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ

13 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា ចាំ​មើល ឯង​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សំបើម ដែល​គេ​ប្រព្រឹត្ត​ទៀត។

14 រួច​ទ្រង់​នាំ​ខ្ញុំ​ទៅ​ដល់​មាត់​ទ្វារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​បើក​ទៅ​ខាង​ជើង នៅ​ទី​នោះ​ក៏​ឃើញ​ពួក​ស្រីៗ​អង្គុយ​យំ​នឹង​ព្រះ​ថាមូស

15 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ ឯង​ឃើញ​ឬ​ទេ ចាំ​មើល ឯង​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សំបើម​ជាង​នេះ​ទៅ​ទៀត។

16 រួច​ទ្រង់​នាំ​ខ្ញុំ ចូល​ទៅ​ឯ​ទីលាន​ខាង​ក្នុង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ឃើញ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​កណ្តាល​បាំង‌សាច និង​អាស‌នា មាន​មនុស្ស​ប្រហែល​ជា​២៥​នាក់ បែរ​ខ្នង​ទៅ​ខាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មុខ​ទៅ​ខាង​កើត គេ​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ នៅ​ទិស​ខាង​កើត​នោះ

17 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ ឯង​ឃើញ​ឬ​ទេ តើ​ពួក​វង្ស​យូដា​រាប់​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដែល​គេ​ប្រព្រឹត្ត​នៅ​ទី​នេះ​ថា ជា​ការ​ស្រាល​ឬ​អី ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​មាន​ពេញ​ដោយ​សេចក្ដី​ច្រឡោត ហើយ​បាន​បែរ​ជា​បណ្តាល​ឲ្យ​អញ​ខឹង​ម្តង​ទៀត ហើយ​មើល គេ​លើក​មែក​ឈើ​ប្រណម្យ​នៅ​ច្រមុះ​គេ​ផង