អេសេគាល 8:2-8 KHOV

2 ខ្ញុំ​ក៏​មើល​ទៅ​ឃើញ​ភាព​រូប​មាន​សណ្ឋាន​ដូច​ជា​ភ្លើងពី​សណ្ឋាន​ចង្កេះ​ទៅ​ក្រោម នោះ​សុទ្ធ​តែ​ជា​ភ្លើង ហើយ​ពី​ចង្កេះ​ទៅ​ខាង​លើ នោះ​មើល​ទៅ​ដូច​ជា​ពន្លឺ​ចាំង គឺ​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ

3 ទ្រង់​ក៏​លូក​ចេញ​មក មាន​រាង​ដូច​ជា​ដៃ​ចាប់​សក់​ក្បាល​ខ្ញុំ រួច​ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង​ទៅ​កណ្តាល​មេឃ ហើយ​នឹង​ដី ក៏​នាំ​ខ្ញុំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ដោយ​ការ​ជាក់‌ស្តែង​នៃ​ព្រះ គឺ​ទៅ​ដល់​មាត់​ទ្វារ​នៃ​ទីលាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិស​ខាង​ជើង ជា​កន្លែង​មាន​រូប​នៃ​សេចក្ដី​ប្រចណ្ឌ ដែល​បណ្តាល​ឲ្យ​ប្រចណ្ឌ

4 នៅ​ទី​នោះ​ឃើញ​មាន​សិរី‌ល្អ​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល ដូច​ជា​ការ​ជាក់‌ស្តែង ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ឯ​វាល​ពី​មុន​នោះ។

5 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ងើប​ភ្នែក​ឡើង មើល​ទៅ​ទិស​ខាង​ជើង​ឥឡូវ ដូច្នេះ ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង​មើល​ទៅ​ខាង​ជើង​ទៅ នោះ​ខាង​ជើង​ទ្វារ​ដែល​ចូល​ទៅ​ឯ​អាស‌នា ឃើញ​មាន​រូប​នៃ​សេចក្ដី​ប្រចណ្ឌ​នៅ​ទី​នោះ

6 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ​ឯង​ឃើញ​ការ​ដែល​គេ​ប្រព្រឹត្ត​ឬ​ទេ គឺ​ជា​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សំបើម ដែល​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ធ្វើ​នៅ​ទី​នេះ ដើម្បី​ឲ្យ​អញ​បាន​ឃ្លាត​ចេញ ឆ្ងាយ​ពី​ទី​បរិសុទ្ធ​របស់​អញ តែ​ចាំ​មើល ឯង​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម យ៉ាង​សំបើម​ជាង​ទៅ​ទៀត។

7 គ្រា​នោះ​ទ្រង់​នាំ​ខ្ញុំ​ទៅ​ដល់​ទ្វារ​ទីលាន កាល​ខ្ញុំ​បាន​ក្រឡេក​មើល​ទៅ នោះ​ឃើញ​មាន​ប្រហោង​១​ក្នុង​កំផែង

8 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ជីក​ទៅ​ក្នុង​កំផែង​ឥឡូវ កាល​ខ្ញុំ​បាន​ជីក​ក្នុង​កំផែង​ហើយ នោះ​ឃើញ​មាន​ទ្វារ​១