3 ទ្រង់ក៏លូកចេញមក មានរាងដូចជាដៃចាប់សក់ក្បាលខ្ញុំ រួចព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងទៅកណ្តាលមេឃ ហើយនឹងដី ក៏នាំខ្ញុំទៅឯក្រុងយេរូសាឡិមដោយការជាក់ស្តែងនៃព្រះ គឺទៅដល់មាត់ទ្វារនៃទីលានខាងក្នុង ដែលបើកទៅទិសខាងជើង ជាកន្លែងមានរូបនៃសេចក្ដីប្រចណ្ឌ ដែលបណ្តាលឲ្យប្រចណ្ឌ
4 នៅទីនោះឃើញមានសិរីល្អនៃព្រះរបស់សាសន៍អ៊ីស្រាអែល ដូចជាការជាក់ស្តែង ដែលខ្ញុំបានឃើញនៅឯវាលពីមុននោះ។
5 នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរងើបភ្នែកឡើង មើលទៅទិសខាងជើងឥឡូវ ដូច្នេះ ខ្ញុំក៏ងើបភ្នែកឡើងមើលទៅខាងជើងទៅ នោះខាងជើងទ្វារដែលចូលទៅឯអាសនា ឃើញមានរូបនៃសេចក្ដីប្រចណ្ឌនៅទីនោះ
6 ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយឯងឃើញការដែលគេប្រព្រឹត្តឬទេ គឺជាការគួរស្អប់ខ្ពើមយ៉ាងសំបើម ដែលពូជពង្សអ៊ីស្រាអែលធ្វើនៅទីនេះ ដើម្បីឲ្យអញបានឃ្លាតចេញ ឆ្ងាយពីទីបរិសុទ្ធរបស់អញ តែចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើម យ៉ាងសំបើមជាងទៅទៀត។
7 គ្រានោះទ្រង់នាំខ្ញុំទៅដល់ទ្វារទីលាន កាលខ្ញុំបានក្រឡេកមើលទៅ នោះឃើញមានប្រហោង១ក្នុងកំផែង
8 រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរជីកទៅក្នុងកំផែងឥឡូវ កាលខ្ញុំបានជីកក្នុងកំផែងហើយ នោះឃើញមានទ្វារ១
9 ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរឲ្យឯងចូលទៅខាងក្នុង មើលការគួរស្អប់ខ្ពើមយ៉ាងអាក្រក់ ដែលគេធ្វើនៅទីនេះ