អេសេគាល 9:5-11 KHOV

5 ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​៥​នាក់​ឯ​ទៀត​នៅ​ត្រចៀក​ខ្ញុំ​ថា ចូរ​ឯង​រាល់​គ្នា​ដើរ​បង្ហូត​ទី​ក្រុង​តាម​អ្នក​១​នោះ ហើយ​ប្រហារ​ទៅ កុំ​ឲ្យ​ភ្នែក​ឯង​ប្រណី ឬ​អាណិត‌អាសូរ​ឡើយ

6 ត្រូវ​ឲ្យ​សំឡាប់​ទាំង​ពួក​ចាស់ ពួក​កំឡោះ ពួក​ក្រមុំ ពួក​ក្មេង និង​ពួក​ស្រីៗ​ឲ្យ​អស់​រលីង​ទៅ ប៉ុន្តែ​កុំ​ឲ្យ​ចូល​ទៅ​ជិត​មនុស្ស​ណា ដែល​មាន​ទី​សំគាល់ នៅ​ខ្លួន​ឡើយ ហើយ​ត្រូវ​ឲ្យ​ចាប់​ផ្តើម​ការ តាំង​ពី​ទី​បរិសុទ្ធ​របស់​អញ​ផង ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ផ្តើម​ការ ចាប់​តាំង​ពី​ពួក​ចាស់‌ទុំ​ដែល​នៅ​មុខ​ព្រះ‌វិហារ

7 ទ្រង់​ក៏​បង្គាប់​ថា ចូរ​បង្អាប់​វិហារ​ចុះ ត្រូវ​សំឡាប់​គេ​ឲ្យ​ទីលាន​បាន​ពេញ​ដោយ​សាក‌សព​ទៅ​ចូរ​ចេញ​ទៅ​ចុះ ដូច្នេះ គេ​ក៏​ចេញ​ទៅ​ប្រហារ​នៅ​ក្នុង​ទី​ក្រុង

8 កាល​គេ​កំពុង​តែ​សំឡាប់ ហើយ​មាន​តែ​ខ្ញុំ​សល់​នៅ នោះ​ខ្ញុំ​ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​អំពាវ‌នាវ​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ តើ​ទ្រង់​នឹង​បំផ្លាញ​សំណល់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដោយ​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​មក​លើ​ក្រុង​យេរូ‌សាឡិម​ឬ​អី។

9 ទ្រង់​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា សេចក្ដី​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា នោះ​ធំ​ក្រៃលែង​ណាស់ ស្រុក​នេះ​ក៏​ពេញ​ដោយ​ឈាម ហើយ​ទី​ក្រុង​មាន​ពេញ​ដោយ​សេចក្ដី​វៀច​កោង​ដែរ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​មើល​មិន​ឃើញ​ទេ

10 រីឯ​អញ​វិញ ភ្នែក​អញ​នឹង​មិន​ប្រណី​ទេ អញ​មិន​អាណិត​មេត្តា​ឡើយ គឺ​អញ​នឹង​ទំលាក់​អំពើ​របស់​គេ​មក​លើ​ក្បាល​គេ​វិញ

11 នោះ​មើល មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​ក៏​មក​ចែង​ថា ទូល‌បង្គំ​បាន​ធ្វើ​សំរេច​តាម​បង្គាប់​ទ្រង់​ហើយ។