អេសេគាល 45:1-6 KHOV

1 មួយ​ទៀត កាល​ណា​ឯង​រាល់​គ្នា​ចាប់​ឆ្នោត​ចែក​ស្រុក​ជា​មរដក នោះ​ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​១​ដល់​ព្រះ‌យេហូវ៉ា ជា​ចំណែក​បរិសុទ្ធ​នៃ​ស្រុក​នោះ បណ្តោយ​ត្រូវ​ជា​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ទទឹង​១​ម៉ឺន​ខ្នាត ដី​នោះ​ត្រូវ​តែ​បាន​បរិសុទ្ធ នៅ​គ្រប់​ក្នុង​ព្រំ‌ដែន​ជុំវិញ

2 ក្នុង​ដី​នោះ​ត្រូវ​ឲ្យ​មាន​កន្លែង​សំរាប់​ទី​បរិសុទ្ធ ប្រវែង​៥០០ និង​ទទឹង​៥០០ គឺ​៤​ជ្រុង​ស្មើ ថែម​ទាំង​៥០​ហត្ថ នៅ​ព័ទ្ធ​ជុំវិញ​សំរាប់​ជា​វាល​ទំនេរ

3 ត្រូវ​ឲ្យ​យក​រង្វាស់​ដដែល ដើម្បី​វាស់​ដី​ម្តុំ​បណ្តោយ​២​ម៉ឺន​៥​ពាន់ ហើយ​ទទឹង​១​ម៉ឺន ឯ​ទី​បរិសុទ្ធ​ដែល​ជា​បរិសុទ្ធ​បំផុត នោះ​នឹង​នៅ​ក្នុង​ដី​ម្តុំ​នោះ

4 នេះ​ជា​ចំណែក​ដី​ដែល​បរិសុទ្ធ ត្រូវ​ទុក​សំរាប់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា ដី​នោះ​នឹង​ត្រូវ​ទុក​សំរាប់​ជា​ទី​សង់​ផ្ទះ​របស់​គេ ហើយ​ជា​កន្លែង​បរិសុទ្ធ សំរាប់​ទី​បរិសុទ្ធ

5 ហើយ​ត្រូវ​មាន​ដី​បណ្តោយ​២​ម៉ឺន​៥​ពាន់ និង​ទទឹង​១​ម៉ឺន​សំរាប់​ពួក​លេវី ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​ទុក​សំរាប់​ជា​កេរ‌អាករ​ដល់​គេ ឲ្យ​គេ​បាន​ទី​ក្រុង​អាស្រ័យ​នៅ

6 ហើយ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដំរូវ​ទុក​ដី​របស់​ផង​ទី​ក្រុង​ទទឹង​៥​ពាន់ បណ្តោយ​២​ម៉ឺន​៥​ពាន់ ទន្ទឹម​នឹង​ដី​បរិសុទ្ធ​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ នោះ​នឹង​បាន​សំរាប់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា