2 ក្នុងដីនោះត្រូវឲ្យមានកន្លែងសំរាប់ទីបរិសុទ្ធ ប្រវែង៥០០ និងទទឹង៥០០ គឺ៤ជ្រុងស្មើ ថែមទាំង៥០ហត្ថ នៅព័ទ្ធជុំវិញសំរាប់ជាវាលទំនេរ
3 ត្រូវឲ្យយករង្វាស់ដដែល ដើម្បីវាស់ដីម្តុំបណ្តោយ២ម៉ឺន៥ពាន់ ហើយទទឹង១ម៉ឺន ឯទីបរិសុទ្ធដែលជាបរិសុទ្ធបំផុត នោះនឹងនៅក្នុងដីម្តុំនោះ
4 នេះជាចំណែកដីដែលបរិសុទ្ធ ត្រូវទុកសំរាប់ពួកសង្ឃ ជាពួកអ្នកដែលធ្វើការងារក្នុងទីបរិសុទ្ធ ហើយចូលមកជិត ដើម្បីធ្វើការងារថ្វាយព្រះយេហូវ៉ា ដីនោះនឹងត្រូវទុកសំរាប់ជាទីសង់ផ្ទះរបស់គេ ហើយជាកន្លែងបរិសុទ្ធ សំរាប់ទីបរិសុទ្ធ
5 ហើយត្រូវមានដីបណ្តោយ២ម៉ឺន៥ពាន់ និងទទឹង១ម៉ឺនសំរាប់ពួកលេវី ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារទុកសំរាប់ជាកេរអាករដល់គេ ឲ្យគេបានទីក្រុងអាស្រ័យនៅ
6 ហើយត្រូវឲ្យឯងរាល់គ្នាដំរូវទុកដីរបស់ផងទីក្រុងទទឹង៥ពាន់ បណ្តោយ២ម៉ឺន៥ពាន់ ទន្ទឹមនឹងដីបរិសុទ្ធដែលបានថ្វាយដល់ព្រះហើយ នោះនឹងបានសំរាប់ពួកវង្សអ៊ីស្រាអែលទាំងអស់គ្នា
7 ត្រូវឲ្យមាន១ចំណែកសំរាប់ចៅហ្វាយ នៅទាំងសងខាងនៃដីបរិសុទ្ធ ដែលបានថ្វាយដល់ព្រះនោះ និងដីរបស់ផងទីក្រុង គឺខាងមុខដីជាដង្វាយបរិសុទ្ធ និងដីរបស់ផងទីក្រុងនោះ តាំងពីព្រំខាងលិចចេញទៅខាងលិច ហើយពីព្រំខាងកើតចេញទៅខាងកើត ហើយប្រវែងដីនោះ នឹងត្រូវបានស្មើនឹងដី១ចំណែក ចាប់តាំងពីព្រំស្រុកខាងលិច ទៅដល់ព្រំស្រុកខាងកើត
8 នោះនឹងបានជាដីរបស់ផងលោក ទុកជាកេរអាករនៅក្នុងស្រុកអ៊ីស្រាអែល អស់ទាំងចៅហ្វាយរបស់អញ នឹងមិនសង្កត់សង្កិនរាស្ត្រអញទៀតឡើយ គឺនឹងចែកស្រុកនោះដល់ពួកវង្សអ៊ីស្រាអែល តាមពូជអំបូររបស់គេ។