28 តែបើមិនស្តាប់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងទេ គឺបែរចេញពីផ្លូវដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ទៅតាមព្រះដទៃដែលពីដើមមិនបានស្គាល់វិញ នោះឯងនឹងត្រូវបណ្តាសាហើយ។
29 កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុកដែលឯងត្រូវទៅចាប់យក នោះត្រូវឲ្យប្រកាសប្រាប់ព្រះពរពីលើភ្នំកេរិស៊ីម និងសេចក្ដីបណ្តាសាពីលើភ្នំអេបាល
30 (ភ្នំទាំង២នោះនៅត្រើយទន្លេយ័រដាន់ខាងនាយ គឺទិសខាងថ្ងៃលិច នាស្រុករបស់ពួកសាសន៍កាណាន ត្រង់ស្រុកវាល ទល់មុខនឹងគីលកាល ជិតដើមម៉ៃសាក់របស់ម៉ូរេ)
31 ដ្បិតឯងរាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ចូលទៅចាប់យកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានប្រទានមក ឯងរាល់គ្នានឹងយកទុកជារបស់ផងឯង ហើយនឹងនៅក្នុងស្រុកនោះផង
32 ដូច្នេះ ចូរប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងច្បាប់ ហើយនឹងបញ្ញត្តទាំងប៉ុន្មានដែលអញដាក់នៅមុខឯងរាល់គ្នានៅថ្ងៃនេះចុះ។