1 នៅវេលានោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា ចូរដាប់ថ្មបន្ទះ២ផ្ទាំង ដូចបន្ទះថ្មពីមុន រួចឡើងមកឯអញនៅលើភ្នំនេះ ត្រូវឲ្យធ្វើហឹបឈើ១ដែរ
2 អញនឹងកត់ចុះនៅបន្ទះទាំង២នោះ តាមអស់ទាំងសេចក្ដីដែលបានកត់នៅបន្ទះទាំង២ពីជាន់មុន ដែលបានបំបែកហើយ រួចត្រូវដាក់ទៅក្នុងហឹបនោះ
3 ដូច្នេះអញបានធ្វើហឹប១ពីឈើនាងនួន ហើយដាប់ថ្ម២ផ្ទាំង ដូចជាថ្មមុន រួចក៏ឡើងទៅលើភ្នំ មានទាំងថ្ម២ផ្ទាំងនោះកាន់នៅដៃផង
4 នោះទ្រង់ក៏កត់ចុះនៅបន្ទះថ្មនោះ តាមសេចក្ដីដែលបានកត់ពីលើកមុន គឺជាក្រឹត្យទាំង១០ប្រការ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ពីកណ្តាលភ្លើងមកឯងរាល់គ្នា នៅលើភ្នំ ក្នុងថ្ងៃដែលបានប្រជុំគ្នានោះ រួចព្រះយេហូវ៉ាទ្រង់បានប្រទានថ្មទាំង២មកអញវិញ
5 អញក៏វិលចុះពីភ្នំមកដាក់ថ្មទាំង២ផ្ទាំងទៅក្នុងហឹប ដែលអញបានធ្វើ ហើយ ថ្មនោះក៏នៅតែក្នុងហឹប ដូចជាព្រះយេហូវ៉ាបានបង្គាប់មកអញ។
6 ឯពួកកូនចៅអ៊ីស្រាអែល ក៏ចេញពីប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅដល់ម៉ូសេរ៉ា នៅទីនោះអើរ៉ុនក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅទីនោះ រួចអេលាសារ ជាកូនលោក បានធ្វើការងារជាសង្ឃជំនួសឡើង
7 គេធ្វើដំណើរពីនោះ ទៅដល់គុតកូថា ហើយពីគុតកូថាទៅដល់យ៉ុតបាថា ជាស្រុកដែលមានស្ទឹង
8 នៅគ្រានោះព្រះយេហូវ៉ាបានញែកពូជអំបូរលេវីចេញ ទុកសំរាប់នឹងសែងហឹបនៃសេចក្ដីសញ្ញាផងទ្រង់ ហើយឲ្យឈរធ្វើការងារនៅចំពោះទ្រង់ ព្រមទាំងឲ្យពរដោយនូវព្រះនាមទ្រង់ ដរាបដល់សព្វថ្ងៃនេះ
9 ដោយហេតុនោះបានជាពួកលេវីគ្មានចំណែក គ្មានមរដកជាមួយនឹងពួកបងប្អូនគេទេ គឺព្រះយេហូវ៉ាទ្រង់ជាមរដករបស់គេវិញ ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានមានព្រះបន្ទូលហើយ។
10 នោះអញក៏បាននៅលើភ្នំអស់៤០ថ្ងៃ៤០យប់ ដូចជាកាលមុនដំបូង ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាមអញនៅជាន់នោះដែរ គឺទ្រង់មិនសព្វព្រះហឫទ័យនឹងបំផ្លាញឯងទេ
11 ទ្រង់មានព្រះបន្ទូលមកអញថា ចូរក្រោកឡើងដើរនាំមុខបណ្តាជនចុះ ឲ្យគេបានចូលទៅ ចាប់យកស្រុកដែលអញបានស្បថនឹងពួកអយ្យកោ ថានឹងឲ្យដល់គេ។
12 ឥឡូវនេះ ឱអ៊ីស្រាអែលអើយ សេចក្ដីដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ទារចង់បានពីឯង នោះគឺឲ្យឯងបានកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង និងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យស្រឡាញ់ទ្រង់ព្រមទាំងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯងផង
13 ហើយឲ្យបានកាន់តាមសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ា និងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ឯងនៅថ្ងៃនេះ សំរាប់ជាសេចក្ដីល្អដល់ឯង
14 មើល ផ្ទៃមេឃ ហើយអស់ទាំងជាន់ផ្ទៃមេឃខាងលើ និងផែនដី ព្រមទាំងរបស់សព្វសារពើ ដែលនៅស្ថានទាំងនោះ សុទ្ធតែជារបស់ផងព្រះយេហូវ៉ា ជាព្រះនៃឯង
15 ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់បានសព្វព្រះហឫទ័យនឹងស្រឡាញ់ដល់ពួកអយ្យកោឯង ហើយទ្រង់បានរើសពូជគេតរៀងមក គឺឯងរាល់គ្នា ដែលទ្រង់រាប់អានលើសជាងអស់ទាំងសាសន៍ ដូចជាមានសព្វថ្ងៃនេះ
16 ដូច្នេះចូរឯងរាល់គ្នាកាត់ស្បែកចិត្តចេញ ហើយកុំឲ្យនៅក្បាលរឹងទៀតឡើយ
17 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ក៏មិនទទួលសំណូកផង
18 ទ្រង់សំរេចសេចក្ដីសុចរិត ដល់ពួកកំព្រា និងពួកមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យមានអាហារ និងសំលៀកបំពាក់ផង
19 ដូច្នេះចូរឲ្យឯងរាល់គ្នាស្រឡាញ់អ្នកប្រទេសក្រៅចុះ ដ្បិតឯងរាល់គ្នាក៏ជាពួកអ្នកប្រទេសក្រៅ ពីកាលនៅស្រុកអេស៊ីព្ទដែរ
20 ត្រូវឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយគោរពប្រតិបត្តិដល់ទ្រង់ ព្រមទាំងនៅជាប់នឹងទ្រង់ ហើយស្បថដោយនូវព្រះនាមទ្រង់ដែរ
21 ទ្រង់ជាទំនុកសរសើរ ហើយជាព្រះនៃឯង ទ្រង់បានធ្វើអស់ទាំងការដ៏ធំគួរស្ញែងខ្លាចនេះឲ្យឯង ជាការដែលភ្នែកឯងបានឃើញហើយ
22 ពួកអយ្យកោឯងបានចុះទៅនៅស្រុកអេស៊ីព្ទ មានតែគ្នា៧០នាក់ទេ តែឥឡូវនេះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានចំរើនពួកឯង ឲ្យមានគ្នាសន្ធឹក ដូចជាផ្កាយលើមេឃវិញ។