ចោទិយ‌កថា 4 KHOV

ចូរ​ប្រតិ‌បត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជា‌ម្ចាស់!

1 ឥឡូវ​នេះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត ដែល​អញ​បង្រៀន​ដល់​ឯង​រាល់​គ្នា ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង ទ្រង់​ប្រទាន​មក

2 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បន្ថែម​បញ្ចូល​អ្វីៗ​ក្នុង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ដល់​ឯង ឬ​កាត់​ចោល​អ្វី​ណា​មួយ​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​មក​ឯង​នេះ

3 ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ ដោយ​ព្រោះ​ដំណើរ​ព្រះ​បាល-ពេអរ ដ្បិត​អស់​អ្នក​ណា​ដែល​បាន​តាម​ព្រះ​បាល-ពេអរ នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បំផ្លាញ​គេ​ពី​ពួក​ឯង​ចេញ

4 តែ​ពួក​ឯង​រាល់​គ្នា ដែល​បាន​នៅ​ជាប់​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នោះ​បាន​រស់​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​វិញ

5 មើល អញ​បាន​បង្រៀន​ច្បាប់​ហើយ​នឹង​បញ្ញត្ត​ដល់​ឯង​រាល់​គ្នា តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អញ បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម​នៅ​ក្នុង​ស្រុក​ដែល​ឯង​ត្រូវ​ចូល​ទៅ​ទទួល​យក

6 ដូច្នេះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​កាន់ ហើយ​ប្រព្រឹត្ត​តាម​ចុះ ដ្បិត​នេះ​នឹង​បាន​ជា​ប្រាជ្ញា ហើយ​ជា​យោបល់​ដល់​ឯង​រាល់​គ្នា នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍ ដែល​នឹង​ឮ​ថ្លែង​ពី​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​នេះ ហើយ​គេ​នឹង​និយាយ​ថា ប្រាកដ​ជា​សាសន៍​នេះ​មាន​ប្រាជ្ញា និង​យោបល់​ពិត

7 ដ្បិត​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ ដែល​មាន​ព្រះ​គង់​នៅ​ជិត​គេ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ទ្រង់​គង់​នៅ​ជិត ក្នុង​កាល​ដែល​យើង​អំពាវ‌នាវ​រក​ទ្រង់​នោះ

8 ហើយ​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ ដែល​មាន​ច្បាប់ និង​បញ្ញត្ត​ដ៏​ត្រឹម‌ត្រូវ ឲ្យ​ដូច​ជា​ក្រឹត្យ​ព្រះ‌វិន័យ​នេះ ដែល​អញ​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ដូច្នេះ។

វិន័យ​របស់​ព្រះ‌អម្ចាស់​នៅ​ភ្នំ​ហោរែប

9 ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែន‌ទែន ក្រែង​ភ្លេច​អស់​ទាំង​ការ ដែល​ភ្នែក​ឯង​បាន​ឃើញ ហើយ​ក្រែង​នៅ​ក្នុង​ជីវិត​ឯង ការ​ទាំង​នោះ​បាន​ឃ្លាត​ចេញ​ពី​ចិត្ត​ឯង​ទៅ ត្រូវ​ឲ្យ​ឯង​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​កូន​ចៅ​ឯង​ឲ្យ​ដឹង​ត​រៀង​ទៅ​វិញ

10 គឺ​ពី​ថ្ងៃ​ដែល​ឯង​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​ភ្នំ​ហោរែប ក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ប្រមូល​ពួក​បណ្តា‌ជន​មក​ឯ​អញ នោះ​អញ​នឹង​ឲ្យ​គេ​ឮ​អស់​ទាំង​ពាក្យ​របស់​អញ ដើម្បី​ឲ្យ​គេ​រៀន​ឲ្យ​ចេះ​កោត‌ខ្លាច​ដល់​អញ នៅ​គ្រប់​១​ជីវិត​ដែល​គេ​រស់​នៅ​លើ​ផែនដី ហើយ​ឲ្យ​គេ​បាន​បង្រៀន​ដល់​កូន​ចៅ​គេ​ថែម​ទៀត

11 នោះ​ឯង​រាល់​គ្នា​បាន​ចូល​មក​ឈរ​នៅ​ជិត​ជើង​ភ្នំ ហើយ​ភ្នំ​ក៏​ឆេះ​ឡើង​ជា​ភ្លើង នាំ​ឲ្យ​ស្រអាប់​ពេញ​ផ្ទៃ​មេឃ ហើយ​ក៏​មាន​ពពក និង​ងងឹត​សូន្យ‌សុង​ផង

12 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ឯង​រាល់​គ្នា​ពី​កណ្តាល​ភ្លើង​នោះ ឯង​រាល់​គ្នា​ក៏​បាន​ឮ​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល​នោះ តែ​មិន​ឃើញ​រូប​អង្គ​ណា​សោះ គ្រាន់​តែ​ឮ​សំឡេង​ប៉ុណ្ណោះ

13 ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​ដល់​ឯង​រាល់​គ្នា​ពី​សេចក្ដី​សញ្ញា​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ហើយ​ទ្រង់​ក៏​ចារឹក​កត់​ក្រឹត្យ​ទាំង​នោះ ចុះ​ទៅ​បន្ទះ​ថ្ម​២​ផ្ទាំង

14 នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​អញ ឲ្យ​បង្រៀន​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ដល់​ឯង ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក ដែល​ឯង​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក​នោះ។

បំរាម​គោរព​ព្រះ​ក្លែង‌ក្លាយ

15 ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន‌ទែន ដ្បិត​ឯង​មិន​បាន​ឃើញ​រូប​អង្គ​បែប​យ៉ាង​ណា នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ឯង ពី​កណ្តាល​ភ្លើង​នៅ​ភ្នំ​ហោរែប​នោះ​ទេ

16 ក្រែង​ឯង​រាល់​គ្នា​បង្ខូច​ខ្លួន ដោយ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​ជា​អង្គ​ណា​១​ផង ទោះ​ជា​ប្រុស ឬ​ស្រី​ក្តី

17 ឬ​ជា​រូប​សត្វ​ណា​ដែល​នៅ​លើ​ផែនដី ឬ​ជា​រូប​សត្វ​ណា​ដែល​ហើរ​នៅ​លើ​អាកាស

18 ឬ​រូប​សត្វ​ណា​ដែល​លូន​វា​នៅ​ដី ឬ​រូប​ត្រី​ណា​ដែល​នៅ​ក្នុង​ទឹក​ក្តី

19 ហើយ​ក្រែង​ឯង​រាល់​គ្នា​ងើប​ភ្នែក មើល​ទៅ​លើ​មេឃ​វេលា​ណា​ឃើញ​ថ្ងៃ ខែ និង​អស់​ទាំង​ផ្កាយ គឺ​គ្រប់​ទាំង​របស់​ដែល​មាន​ជា​បរិបូរ​នៅ​លើ​មេឃ នោះ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ប្រទាញ​ចេញ​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​របស់​ទាំង​នោះ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ឲ្យ​គ្រប់​ទាំង​សាសន៍ នៅ​ក្រោម​ផ្ទៃ​មេឃ​វិញ

20 តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​យក​ឯង ចេញ​ពី​គុក​រំលាយ​ដែក​នៅ​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​រាស្ត្រ​ដ៏​ជា​មរដក​ទ្រង់ ដូច​ជា​សព្វ​ថ្ងៃ​នេះ។

21 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អញ ដោយ​ព្រោះ​ឯង​រាល់​គ្នា​ដែរ ហើយ​ទ្រង់​ស្បថ​មិន​ឲ្យ​អញ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ល្អ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក​របស់​ឯង​នោះ​ទេ

22 គឺ​អញ​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ អញ​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ឡើយ តែ​ឯង​រាល់​គ្នា​នឹង​ឆ្លង​ទៅ ទទួល​យក​ស្រុក​ល្អ​នោះ​វិញ

23 ដូច្នេះ​ចូរ​ប្រយ័ត្ន​ខ្លួន​ចុះ ក្រែង​ភ្លេច​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​ឯង រួច​ងាក​បែរ​ទៅ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​របស់​យ៉ាង​ណា​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ

24 ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ភ្លើង​ឆេះ​បន្សុស គឺ​ជា​ព្រះ​ប្រចណ្ឌ។

25 កាល​ណា​បាន​នៅ​ស្រុក​នោះ​ជា​យូរ‌អង្វែង ព្រម​ទាំង​បង្កើត​កូន​ចៅ ហើយ​បង្ខូច​ខ្លួន​ទៅ​ជា​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​របស់​ណា​មួយ ក៏​ប្រព្រឹត្ត​ការ​អ្វី​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង

26 នោះ​អញ​អាង​ដល់​ស្ថាន‌សួគ៌ ហើយ​នឹង​ផែនដី ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា បន្តិច​ទៀត ឯង​រាល់​គ្នា​ត្រូវ​វិនាស​អស់​រលីង ចេញ​ពី​ស្រុក​ដែល​ឯង​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ទទួល​យក​នោះ ជា​មិន​ខាន និង​ធ្វើ​ឲ្យ​នៅ​យូរ‌អង្វែង​ត​ទៅ​ទៀត​មិន​បាន គឺ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់​គ្នា​វិញ

27 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កំចាត់‌កំចាយ​ឯង​រាល់​គ្នា​ទៅ ឲ្យ​នៅ​គ្រប់​ទាំង​សាសន៍ ឯង​នឹង​នៅ​មាន​តែ​គ្នា​តិច ក្នុង​គ្រប់​ទាំង​នគរ ដែល​ព្រះ‌យេហូវ៉ា និង​នាំ​ឯង​ទៅ​នៅ​នោះ

28 ហើយ​នៅ​ស្រុក​ទាំង​នោះ ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ផ្សេងៗ ដែល​ធ្វើ​ពី​ឈើ ឬ​ពី​ថ្ម​ដោយ​ដៃ​មនុស្ស ជា​រូប​ដែល​មិន​អាច​នឹង​មើល​ឃើញ​ស្តាប់​ឮ ឬ​ទទួល​អាហារ ឬ​ដឹង​ក្លិន​ឡើយ

29 ប៉ុន្តែ​នៅ​ទី​នោះ​ឯង​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​នឹង​ឃើញ​ទ្រង់ ក្នុង​កាល​ដែល​រក​ទ្រង់​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​ឯង​ផង

30 កាល​ណា​ឯង​កើត​មាន​សេចក្ដី​វេទនា ហើយ​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​កើត​ឡើង​ដល់​ឯង នោះ​នៅ​គ្រា​ចុង​បំផុត ឯង​នឹង​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ហើយ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់

31 ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​សេចក្ដី​មេត្តា‌ករុណា ទ្រង់​មិន​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​បំផ្លាញ​ឯង ឬ​ភ្លេច​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង​ឡើយ។

ឯក‌សិទ្ធិ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

32 ចូរ​ស៊ើប‌សួរ​រក ពី​អស់​ទាំង​ថ្ងៃ​កន្លង​ទៅ​ហើយ​ដែល​មាន​តាំង​ពី​មុន​ឯង​មក គឺ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​នៅ​លើ​ផែនដី ហើយ​ពី​ជើង​មេឃ​ម្ខាង​ទៅ​ដល់​ជើង​មេឃ​ម្ខាង​ផង តើ​ដែល​មាន​ការ​ដ៏​ធំ​យ៉ាង​នេះ ឬ​ដែល​មាន​ឮ​និយាយ​ពី​ការ​យ៉ាង​នេះ​ឬ​អី

33 តើ​ដែល​មាន​សាសន៍​ណា​ឮ​ព្រះ‌សៀង​នៃ​ព្រះ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្តាល​ភ្លើង​មក ដូច​ជា​ឯង​បាន​ឮ ហើយ​បាន​រស់​នៅ​ឬ​ទេ

34 ឬ​តើ​ដែល​មាន​ព្រះ​ណា​ប្រថុយ​ទៅ​យក​សាសន៍​១​សំរាប់​អង្គ​ទ្រង់ ពី​កណ្តាល​សាសន៍​១​ទៀត ដោយ‌សារ​ការ​ល្បង​ទី​សំគាល់ និង​ការ​អស្ចារ្យ ដោយ​ចំបាំង ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ដោយ​ព្រះ‌ពាហុ​លើក​សំរេច ហើយ​ដោយ​ការ​គួរ​ស្ញែង‌ខ្លាច​ជា​ធំ ដូច​ជា​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ ជា​ប្រយោជន៍​ដល់​ឯង​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​ឯង​ឃើញ​ផង​ឬ​ទេ

35 ការ​ទាំង​នោះ​បាន​សំដែង​មក​ឲ្យ​ឯង​ឃើញ ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ក្រៅ​ពី​ទ្រង់ នោះ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ

36 ទ្រង់​ធ្វើ​ឲ្យ​ឯង​ឮ​ព្រះ‌សៀង​ទ្រង់​ពី​លើ​មេឃ ដើម្បី​នឹង​បង្រៀន​ឯង ហើយ​លើ​ផែនដី ទ្រង់​បាន​ឲ្យ​ឃើញ​ភ្លើង​ដ៏​ធំ​របស់​ទ្រង់ ឯង​ក៏​បាន​ឮ​ព្រះ‌បន្ទូល​ទ្រង់​ចេញ​ពី​កណ្តាល​ភ្លើង​នោះ​មក

37 ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​ពួក​អយ្យកោ​ឯង បាន​ជា​ទ្រង់​រើស​យក​ពូជ​គេ​តៗ​មក ព្រម​ទាំង​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នៅ​ចំពោះ​ទ្រង់ ដោយ​ព្រះ‌ចេស្តា​ដ៏​ជា​ធំ​របស់​ទ្រង់

38 ដើម្បី​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដែល​ធំ ហើយ​ពូកែ​ជាង​ឯង ពី​មុខ​ឯង​ចេញ ឲ្យ​បាន​នាំ​ឯង​ចូល​ទៅ ប្រយោជន៍​នឹង​ឲ្យ​ស្រុក​គេ ទុក​ជា​មរដក​ដល់​ឯង ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

39 ដូច្នេះ ចូរ​ដឹង​នៅ​ថ្ងៃ​នេះ ហើយ​កំណត់​ទុក​ក្នុង​ចិត្ត​ចុះ​ថា ព្រះ‌យេហូវ៉ា ទ្រង់​ជា​ព្រះ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែនដី​នេះ​ផង គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ​ឡើយ

40 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​រៀង​ទៅ​ផង ហើយ​ឲ្យ​បាន​ជីវិត​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ឲ្យ​ឯង​បាន​នៅ​ជា​ដរាប។

ក្រុង​ជំរក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់

41 នៅ​គ្រា​នោះ ម៉ូសេ​ក៏​ញែក​ទី​ក្រុង​៣​នៅ​ត្រើយ​ទន្លេ​យ័រដាន់ ទិស​ខាង​កើត

42 សំរាប់​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​អ្នក​ជិត​ខាង​ខ្លួន មិន​ប្រកប​ដោយ​ចិត្ត​ប៉ង ហើយ​ដែល​មិន​បាន​ស្អប់​អ្នក​នោះ​ពី​កាល​មុន បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ ហើយ​ឲ្យ​បាន​រស់​នៅ​ដោយ​រត់​ទៅ​ជ្រក​កោន​នៅ​ទី​ក្រុង​ណា​មួយ​នោះ

43 ទី​ក្រុង​ទាំង​នោះ គឺ​ក្រុង​បេស៊ើរ​១ ដែល​នៅ​ទី​រហោ‌ស្ថាន នា​ស្រុក​វាល សំរាប់​ពួក​រូបេន និង​ទី​ក្រុង​រ៉ាម៉ូត​១ នៅ​ស្រុក​កាឡាត សំរាប់​ពួក​កាឌ់ ហើយ​ទី​ក្រុង​កូឡាន​១ នៅ​ស្រុក​បាសាន សំរាប់​ពួក​ម៉ាន៉ាសេ។

សុន្ទរ‌កថា​ទី​ពីរ​របស់​លោក​ម៉ូសេ

44 នេះ​គឺ​ជា​ក្រឹត្យ‌វិន័យ ដែល​ម៉ូសេ​បាន​ដាក់​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

45 ហើយ​នេះ​ជា​សេចក្ដី​បន្ទាល់ ជា​ច្បាប់ ហើយ​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​បាន​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក្នុង​កាល​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

46 គឺ​នៅ​ខាង‌អាយ​ទន្លេ​យ័រដាន់ ត្រង់​ច្រក​ភ្នំ ទល់​មុខ​នឹង​បេត-ពេអរ ក្នុង​ស្រុក​របស់​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​នៅ​ក្រុង​ហែសបូន ជា​អ្នក​ដែល​ម៉ូសេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វាយ ពី​កាល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

47 គេ​ក៏​ចាប់​យក​ស្រុក​របស់​ស្តេច​នោះ និង​ស្រុក​របស់​អុក ជា​ស្តេច​ស្រុក​បាសាន គឺ​ជា​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២ ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់ ទិស​ខាង​កើត​ទុក​ជា​របស់​ផង​គេ

48 ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន រហូត​ដល់​ភ្នំ​ស៊ីអូន (គឺ​ជា​ភ្នំ​ហ៊ើម៉ូន)

49 ហើយ​ស្រុក​វាល​ទាំង​មូល​ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត រហូត​ដល់​សមុទ្រ​ស្រុក​វាល ត្រង់​ជើង​ភ្នំ​ពីសកា​ផង។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34