1 ឱអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ នៅវេលានោះឯងរាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ ទៅចាប់យកនគរ ដែលធំជាង ហើយពូកែជាងឯង ដែលមានទីក្រុងធំ មានកំផែងខ្ពស់ដល់ផ្ទៃមេឃផង
2 ជាសាសន៍មានមាឌធំខ្ពស់ គឺជាពួកកូនចៅអ័ណាក់ ដែលឯងស្គាល់ហើយ ក៏បានឮនិយាយពីគេថា តើអ្នកណាអាចនឹងឈរនៅមុខពួកកូនចៅអ័ណាក់បាន
3 ដូច្នេះនៅថ្ងៃនេះ ចូរថា គឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលនាំមុខឯងឆ្លងទៅ ទ្រង់ឧបមាដូចជាភ្លើងដែលឆេះបន្សុស
4 កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បានបណ្តេញគេ ពីមុខឯងចេញហើយ នោះកុំឲ្យឯងនឹកក្នុងចិត្តថា ព្រះយេហូវ៉ាទ្រង់បាននាំអញចូលមកចាប់យកស្រុកនេះ ដោយព្រោះតែអញមានសេចក្ដីសុចរិតនោះឡើយ គឺដោយព្រោះអំពើបាបរបស់សាសន៍ទាំងនោះទេ ដែលព្រះយេហូវ៉ាទ្រង់បណ្តេញគេ ពីមុខឯងចេញទៅនោះ
5 មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់ឯង ឬដោយព្រោះចិត្តឯងទៀងត្រង់ ដែលឯងនឹងចូលទៅចាប់យកស្រុកគេនោះឡើយ គឺដោយព្រោះអំពើបាបរបស់សាសន៍ទាំងនោះវិញទេតើ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បណ្តេញគេពីមុខឯងចេញ ដើម្បីនឹងបញ្ជាក់សេចក្ដី ដែលទ្រង់បានស្បថនឹងពួកអយ្យកោឯង គឺនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុប។
6 ដូច្នេះ ចូរដឹងថា ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានស្រុកដ៏ល្អនេះមកឲ្យឯងបានចាប់យក នោះមិនមែនដោយព្រោះសេចក្ដីសុចរិតរបស់ឯងទេ ដ្បិតឯងជាសាសន៍មានក្បាលរឹងវិញ។
7 ចូរនឹកចាំ កុំឲ្យភ្លេចឡើយ ថាឯងបានបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃឯង មានសេចក្ដីក្រោធ នៅត្រង់ទីរហោស្ថាន ហើយចាប់តាំងពីថ្ងៃដែលឯងចេញពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះ នោះឯងរាល់គ្នាចេះតែបះបោរនឹងព្រះយេហូវ៉ាជាដរាប
8 នៅត្រង់ភ្នំហោរែបក៏ដែរ ឯងបានបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់ ដល់ទៅចង់បំផ្លាញឯងចេញផង
9 ក្នុងគ្រាដែលអញបានឡើងទៅលើភ្នំដើម្បីនឹងទទួលបន្ទះថ្ម ជាបន្ទះមានកត់ចុះសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងនឹងឯងរាល់គ្នា នោះអញបាននៅលើភ្នំអស់៤០ថ្ងៃ៤០យប់ ឥតមានបរិភោគអាហារ ឬផឹកទឹកសោះ
10 ហើយព្រះយេហូវ៉ាទ្រង់បានប្រទានបន្ទះថ្មទាំង២ផ្ទាំង ដែលសរសេរដោយអង្គុលីព្រះហស្តនៃទ្រង់នៅថ្មទាំង២នោះមានកត់ចុះអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងឯងរាល់គ្នា ពីកណ្តាលភ្លើងនៅលើភ្នំ នាថ្ងៃដែលប្រជុំគ្នានោះ
11 លុះដល់ផុត៤០ថ្ងៃ៤០យប់នោះហើយ ព្រះយេហូវ៉ាទ្រង់ក៏ប្រទានបន្ទះថ្មទាំង២ផ្ទាំងនោះដល់អញ គឺជាបន្ទះនៃសេចក្ដីសញ្ញា
12 រួចព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់អញថា ចូរក្រោកឡើង ចុះពីនេះជាប្រញាប់ទៅ ដ្បិតពួកជនដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមក គេបានបង្ខូចចិត្តអស់ហើយ គេរហ័សនឹងបែរចេញពីផ្លូវដែលអញបានបង្គាប់គេ ក៏បានសិតធ្វើរូបព្រះសំរាប់គេហើយ
13 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញទៀតថា អញបានរំពឹងមើលឃើញថា សាសន៍នេះគេមានក្បាលរឹងទាំងអស់គ្នា
14 ឈប់សិន ចាំអញនឹងបំផ្លាញគេចេញ ព្រមទាំងលុបឈ្មោះគេពីក្រោមមេឃទៅ រួចអញនឹងយកឯង បង្កើតឡើងជាសាសន៍១ដ៏ខ្លាំងពូកែ ហើយមានគ្នាច្រើនជាងគេទៅទៀត
15 ដូច្នេះអញបានវិលចុះពីភ្នំមក មានបន្ទះថ្មទាំង២នៃសេចក្ដីសញ្ញា កាន់នៅដៃទាំងសងខាងផង ឯភ្នំក៏មានសុទ្ធតែភ្លើងឆេះនៅ
16 អញក៏ក្រឡេកមើលទៅឃើញថា ឯងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃឯងហើយ ដោយបានសិតធ្វើរូបកូនគោ១ ឯងបានប្រញាប់នឹងងាកបែរចេញពីផ្លូវដែលព្រះយេហូវ៉ាបានបង្គាប់មកឯងណាស់
17 នោះអញបានចាប់យកថ្មទាំង២ផ្ទាំង បោះពីដៃអញបំបែកចោលទៅ នៅចំពោះភ្នែកឯងរាល់គ្នា។
18 រួចអញក៏ក្រាបចុះនៅចំពោះព្រះយេហូវ៉ា អស់៤០ថ្ងៃ៤០យប់ ដូចជាន់មុន ឥតមានបរិភោគ ឬផឹកទឹកសោះឡើយ ដោយព្រោះអស់ទាំងអំពើបាប ដែលឯងរាល់គ្នាបានធ្វើ ដោយប្រព្រឹត្តសេចក្ដីដែលអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា ជាការដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង
19 ដ្បិតអញបានភ័យខ្លាចចំពោះសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធ ដែលព្រះយេហូវ៉ាទ្រង់ឃោរឃៅ ដល់ទៅចង់បំផ្លាញឯងនោះណាស់ ហើយនៅវេលានោះ ព្រះយេហូវ៉ាក៏ស្តាប់តាមអញ
20 ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអើរ៉ុនជាខ្លាំង ដល់ទៅចង់បំផ្លាញលោកដែរ តែអញបានសូមអង្វរឲ្យលោក នៅវេលានោះឯង
21 រួចអញបានយករូបកូនគោ ដែលឯងរាល់គ្នាបានធ្វើ គឺជាអំពើបាបរបស់ឯងនោះ ទៅដុតនឹងភ្លើង រួចផែហើយកិនកំទេច ទាល់តែម៉ដ្តដូចធូលីទៅ ក៏បាចសាចធូលីនោះ ទៅក្នុងជ្រោះទឹកដែលហូរចុះពីភ្នំមក។
22 កាលនៅត្រង់តាបេរ៉ា ត្រង់ម៉ាសា ហើយត្រង់គីប្រុត-ហាតាវ៉ា នោះឯងរាល់គ្នាក៏បានបណ្តាលឲ្យព្រះយេហូវ៉ាក្រោធទៀត
23 ហើយកាលព្រះយេហូវ៉ាបានចាត់ឯង ពីកាដេស-បារនា ដោយព្រះបន្ទូលថា ចូរឡើងទៅចាប់យកស្រុកដែលអញបានឲ្យដល់ឯងចុះ នោះក៏បានបះបោរ និងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះនៃឯងទៀត ឯងរាល់គ្នាមិនបានជឿ ក៏មិនបានស្តាប់តាមព្រះបន្ទូលទ្រង់សោះ
24 គឺចេះតែមានចិត្តរឹងចចេសចំពោះព្រះយេហូវ៉ាជានិច្ច តាំងតែពីថ្ងៃដែលអញទើបនឹងស្គាល់ឯងរាល់គ្នាមក។
25 យ៉ាងនោះ អញបានក្រាបចុះ នៅចំពោះព្រះយេហូវ៉ាអស់៤០ថ្ងៃ៤០យប់ នោះដោយព្រោះព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ទ្រង់នឹងបំផ្លាញឯងរាល់គ្នា
26 ហើយអញក៏ទូលអង្វរដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមកុំបំផ្លាញបណ្តាជននេះដ៏ជាមរដករបស់ទ្រង់ ដែលទ្រង់បានលោះដោយឫទ្ធិបារមីទ្រង់ ហើយបាននាំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏មានព្រះចេស្តានោះឡើយ
27 សូមទ្រង់នឹកចាំពីអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ជាអ្នកបំរើទ្រង់វិញ សូមកុំទតចំពោះសេចក្ដីរឹងរូសរបស់សាសន៍នេះ ឬកិរិយាអាក្រក់ ឬអំពើបាបរបស់គេឡើយ
28 ក្រែងមនុស្សនៅស្រុកដែលទ្រង់បាននាំយើងរាល់គ្នាចេញមកនោះ គេដំនៀលថា ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនឹងនាំគេចូលទៅក្នុងស្រុក ដែលទ្រង់សន្យានឹងឲ្យដល់គេបាន ហើយដោយព្រោះទ្រង់ស្អប់គេបានជាទ្រង់នាំគេចេញទៅសំឡាប់ នៅទីរហោស្ថានវិញ
29 ប៉ុន្តែគេជារាស្ត្រ ហើយជាមរដករបស់ផងទ្រង់ ដែលទ្រង់បាននាំចេញមក ដោយសារព្រះចេស្តាដ៏ធំ ហើយដោយព្រះពាហុលើកសំរេចហើយ។