1 ម៉ូសេក៏ទៅប្រាប់សេចក្ដីទាំងនេះ ដល់ពួកអ៊ីស្រាអែលគ្រប់គ្នា
2 រួចលោកមានប្រសាសន៍ថា នៅថ្ងៃនេះ អញអាយុបាន១២០ឆ្នាំហើយ អញមិនអាចនឹងចេញចូលទៀតបានទេ ហើយព្រះយេហូវ៉ាក៏មានព្រះបន្ទូលមកអញថា មិនត្រូវឲ្យអញឆ្លងទន្លេយ័រដាន់នេះទៅដែរ
3 គឺព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងយាងនាំមុខឯង ទ្រង់នឹងបំផ្លាញសាសន៍ទាំងនោះពីមុខឯងចេញ ហើយឯងនឹងចាប់យកស្រុកគេបាន ឯយ៉ូស្វេនេះ លោកនឹងនាំឯងឆ្លងទៅ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ
4 ព្រះយេហូវ៉ាទ្រង់នឹងធ្វើដល់គេ ដូចជាទ្រង់បានធ្វើដល់ស៊ីហុន និងអុកជាស្តេចសាសន៍អាម៉ូរី ព្រមទាំងស្រុកគេ ដែលទ្រង់បានបំផ្លាញនោះផង
5 ព្រះយេហូវ៉ាទ្រង់នឹងប្រគល់គេមកឯងរាល់គ្នា នោះត្រូវឲ្យឯងធ្វើដល់គេ តាមគ្រប់ទាំងការដែលអញបានបង្គាប់ដល់ឯងចុះ
6 ដូច្នេះចូរមានកំឡាំងហើយចិត្តក្លាហានឡើង កុំឲ្យខ្លាច ឬមានសេចក្ដីភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ។
7 ម៉ូសេក៏ហៅយ៉ូស្វេមក ប្រាប់នៅចំពោះមុខនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា ចូរមានកំឡាំង ហើយចិត្តក្លាហានចុះ ដ្បិតត្រូវឲ្យឯងទៅជាមួយនឹងបណ្តាជនទាំងនេះ ចូលទៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានស្បថនឹងពួកអយ្យកោថា នឹងឲ្យដល់គេ ហើយត្រូវឲ្យគេបានស្រុកនោះ ទុកជាមរដក
8 គឺព្រះយេហូវ៉ាដែលនឹងយាងនាំមុខឯងទៅ ព្រមទាំងគង់ជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងឡើយ ក៏មិនដែលលះចោលឯងដែរ ដូច្នេះកុំឲ្យខ្លាច ឬស្រយុតចិត្តឲ្យសោះ។
9 ម៉ូសេក៏កត់ក្រឹត្យវិន័យនេះ ប្រគល់ឲ្យដល់ពួកសង្ឃ ជាកូនចៅលេវី ដែលគេសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ហើយដល់ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានផង
10 រួចលោកបង្គាប់ទៅគេថា លុះដល់ផុតរាល់តែ៧ឆ្នាំ គឺក្នុងពេលកំណត់នៅឆ្នាំដែលដោះលែង នៅវេលាបុណ្យបារាំ
11 កាលសាសន៍អ៊ីស្រាអែលទាំងអស់គ្នា បានលេចមកនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ត្រង់កន្លែងដែលទ្រង់នឹងរើសហើយ នោះត្រូវឲ្យមើលក្រឹត្យវិន័យនេះ នៅចំពោះមុខគេ ឲ្យបានស្តាប់ទាំងអស់គ្នា
12 ត្រូវឲ្យប្រមូលបណ្តាជនទាំងប្រុសទាំងស្រី និងកូនក្មេង ហើយនឹងពួកអ្នកដទៃដែលនៅអស់ទាំងទីក្រុងរបស់ឯងមក ដើម្បីឲ្យគេស្តាប់ ហើយបានរៀន ព្រមទាំងកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ទាំងប្រយ័ត្ន និងប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ
13 ហើយឲ្យកូនចៅគេដែលមិនដឹង បានឮដែរ ហើយបានទំលាប់កោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង នៅអស់វេលាណាដែលឯងនៅក្នុងស្រុក ដែលឯងឆ្លងទន្លេយ័រដាន់ទៅចាប់យកនោះនៅឡើយ។
14 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា មើលថ្ងៃដែលឯងត្រូវស្លាប់ នោះជិតដល់ហើយ ដូច្នេះចូរហៅយ៉ូស្វេមក ហើយចូលទៅក្នុងត្រសាលជំនុំ ដើម្បីឲ្យអញបានប្រគល់បន្ទុកលើលោក នោះម៉ូសេ និងយ៉ូស្វេក៏ចូលទៅក្នុងត្រសាលជំនុំ
15 រួចព្រះយេហូវ៉ាទ្រង់លេចមកក្នុងត្រសាល នៅក្នុងបង្គោលពពក ពពកនោះក៏ស្ថិតនៅពីលើទ្វារត្រសាល។
16 ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា មើលឯងត្រូវដេកលក់ទៅជាមួយនឹងពួកអយ្យកោឯង ឯបណ្តាជនទាំងនេះ គេនឹងលើកគ្នាផិតទៅតាមព្រះដទៃ ជាព្រះរបស់ស្រុកដែលគេចូលទៅនៅកណ្តាលនោះ គេនឹងបោះបង់ចោលអញ ព្រមទាំងផ្តាច់សេចក្ដីសញ្ញា ដែលអញបានតាំងនឹងគេចេញ
17 នោះសេចក្ដីកំហឹងរបស់អញនឹងបានកាត់ឡើង ទាស់នឹងគេនៅថ្ងៃនោះ រួចអញនឹងបោះបង់ចោលគេដែរ ហើយនឹងគេចមុខចេញពីគេទៅ នោះគេនឹងត្រូវស៊ីបង្ហិន ហើយនឹងកើតមានសេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើនយ៉ាង ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា សេចក្ដីអាក្រក់ទាំងនេះបានមកលើយើងដោយព្រោះតែព្រះនៃយើង ទ្រង់មិនគង់ក្នុងពួកយើងទេតើ
18 តែនៅថ្ងៃនោះ អញនឹងគេចមុខចេញជាប្រាកដ ដោយព្រោះសេចក្ដីអាក្រក់ទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត ដោយងាកបែរទៅតាមព្រះដទៃ
19 ដូច្នេះចូរឯងកត់ទំនុកនេះទុកសំរាប់ឯងរាល់គ្នា ហើយបង្ហាត់បង្រៀនដល់ពួកកូនចៅអ៊ីស្រាអែលចុះ ចូរដាក់ទំនុកនេះចុះក្នុងមាត់គេ ដើម្បីឲ្យបានធ្វើជាទីបន្ទាល់នៃអញ ទាស់នឹងពួកកូនចៅអ៊ីស្រាអែល
20 ដ្បិតកាលណាអញបាននាំគេចូលទៅក្នុងស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលអញបានស្បថនឹងពួកអយ្យកោគេ ហើយគេបានបរិភោគឆ្អែតចំរើនសាច់ឡើង នោះគេនឹងងាកបែរទៅតាមព្រះដទៃវិញ ព្រមទាំងគោរពប្រតិបត្តិផង គេនឹងមើលងាយដល់អញ ហើយផ្តាច់សេចក្ដីសញ្ញាអញចេញ
21 រួចកាលណាគេកើតមានសេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើនយ៉ាង នោះទំនុកនេះនឹងធ្វើបន្ទាល់ដល់គេ ដ្បិតទំនុកនេះនឹងមិនដែលភ្លេចបាត់ ចេញពីមាត់នៃពូជគេឡើយ ពីព្រោះអញស្គាល់គំនិត ដែលកើតឡើងក្នុងចិត្តគេនៅថ្ងៃនេះហើយ តាំងពីមុនដែលអញនាំគេចូលទៅក្នុងស្រុក ដែលបានស្បថនឹងគេមក
22 នៅថ្ងៃនោះឯង ម៉ូសេក៏កត់ទំនុកនេះ ហើយបានបង្ហាត់បង្រៀនដល់ពួកកូនចៅអ៊ីស្រាអែល។
23 ព្រះយេហូវ៉ាក៏បង្គាប់ដល់យ៉ូស្វេជាកូននុនថា ចូរមានកំឡាំង ហើយចិត្តក្លាហានចុះ ដ្បិតត្រូវឲ្យឯងនាំពួកកូនចៅអ៊ីស្រាអែល ចូលទៅក្នុងស្រុកដែលអញបានស្បថនឹងគេ ឯអញក៏នឹងនៅជាមួយនឹងឯង។
24 កាលម៉ូសេបានកត់អស់ទាំងពាក្យ នៃក្រឹត្យវិន័យនេះ ទុកក្នុងសៀវភៅស្រេចហើយ
25 នោះលោកបង្គាប់ដល់ពួកលេវី ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាថា
26 ចូរយកគម្ពីរក្រឹត្យវិន័យនេះ ទៅដាក់នៅត្រង់ចំហៀងហឹប នៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាទៅ ឲ្យបាននៅទីនោះ សំរាប់ជាទីបន្ទាល់ទាស់នឹងឯង
27 ដ្បិតអញស្គាល់ចិត្តបះបោរ និងក្បាលរឹងរបស់ឯងរាល់គ្នាហើយ មើល កាលអញកំពុងរស់នៅជាមួយនឹងឯងរាល់គ្នាសព្វថ្ងៃ ម៉េចឯងបានបះបោរនឹងព្រះយេហូវ៉ាទៅហើយ ចំណង់បើថ្ងៃក្រោយដែលអញស្លាប់ទៅ នោះតើនឹងលើសជាងអម្បាលម៉ានទៅទៀត
28 ចូរទៅប្រមូលពួកចាស់ទុំ ក្នុងពូជអំបូរទាំងប៉ុន្មានរបស់ឯងរាល់គ្នា និងពួកនាយកទាំងអស់ របស់ឯងរាល់គ្នាមកឯអញ ដើម្បីឲ្យអញបានប្រាប់ពាក្យទាំងនេះ ឲ្យគេស្តាប់ ព្រមទាំងយកស្ថានសួគ៌ និងផែនដី ជាទីអាងទាស់នឹងគេផង
29 ដ្បិតអញដឹងថា ក្រោយដែលអញបានស្លាប់ទៅ នោះឯងរាល់គ្នានឹងបង្ខូចខ្លួនអស់រលីងទៅ ហើយនឹងងាកបែរចេញពីផ្លូវ ដែលអញបានបង្គាប់ដល់ឯង ដូច្នេះនៅថ្ងៃជាន់ក្រោយ នឹងមានសេចក្ដីអាក្រក់ធ្លាក់មកលើឯងរាល់គ្នា ដោយព្រោះឯងរាល់គ្នាចូលចិត្តតែធ្វើការដែលអាក្រក់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ាប៉ុណ្ណោះ គឺជាការដែលបណ្តាលឲ្យទ្រង់មានសេចក្ដីខ្ញាល់ ដោយដៃឯងធ្វើយ៉ាងនោះ។
30 រួចម៉ូសេក៏ប្រាប់អស់ទាំងពាក្យក្នុងទំនុកនេះ ឲ្យឮទៅដល់ត្រចៀកនៃពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នារហូតដល់ចប់។