1 កាលណាឯងបានចូលទៅ ចាប់យកស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមក ទុកជាមរដក រួចបានតាំងទីលំនៅជាស្រេចហើយ
2 នោះត្រូវឲ្យយកផលដំបូងគ្រប់មុខកើតពីដី ដែលឯងនឹងប្រមូលមកពីស្រែចំការ ជាផលដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ រួចដាក់ចុះក្នុងបញ្ជីនាំយកទៅឯកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង និងរើសសំរាប់តាំងព្រះនាមទ្រង់
3 ហើយត្រូវទៅជំរាបសង្ឃ ដែលមាននៅគ្រានោះថា នៅថ្ងៃនេះខ្ញុំសូមទូលដល់ព្រះយេហូវ៉ា ជាព្រះនៃលោកថា ខ្ញុំបានមកដល់ស្រុក ដែលព្រះយេហូវ៉ាទ្រង់បានស្បថនឹងពួកអយ្យកោថា នឹងឲ្យមកយើងខ្ញុំហើយ
4 នោះត្រូវឲ្យសង្ឃយកកញ្ជើពីដៃឯង ទៅដាក់នៅមុខអាសនាផងព្រះយេហូវ៉ា ជាព្រះនៃឯង
5 រួចត្រូវថ្លែងប្រាប់ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯងថា អយ្យកោទូលបង្គំលោកជាសាសន៍អើរ៉ាម ដែលដើរសាត់ព្រាត់ លោកបានចុះទៅតាំងទីលំនៅក្នុងស្រុកអេស៊ីព្ទ មានគ្នាតែបន្តិចទេ ហើយនៅស្រុកនោះបានត្រឡប់ជាសាសន៍១យ៉ាងធំ ហើយខ្លាំងពូកែ មានគ្នាជាច្រើនវិញ
6 ពួកសាសន៍អេស៊ីព្ទបានប្រព្រឹត្តអាក្រក់ដល់យើងខ្ញុំ ព្រមទាំងធ្វើទុក្ខ ហើយដាក់បន្ទុក ឲ្យធ្វើការមានទំងន់ណាស់ផង
7 នោះយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោយើងខ្ញុំ ហើយទ្រង់បានឮសំរែកយើងខ្ញុំ ក៏ឃើញសេចក្ដីទុក្ខលំបាក និងការនឿយហត់របស់យើងខ្ញុំ ព្រមទាំងការដែលគេសង្កត់សង្កិនដល់យើងខ្ញុំផង
8 នោះទ្រង់ក៏នាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏មានព្រះចេស្តា និងព្រះពាហុលើកសំរេច ព្រមទាំងធ្វើការគួរស្ញែងខ្លាចដ៏ធំ និងទីសំគាល់ហើយនឹងការអស្ចារ្យផង
9 ទ្រង់ក៏បាននាំយើងខ្ញុំចូលមកដល់ទីនេះ ហើយបានប្រទានស្រុកនេះ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរដល់យើងខ្ញុំរាល់គ្នា
10 ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ មើល ទូលបង្គំបាននាំយកផលដំបូងកើតពីដី ដែលទ្រង់បានប្រទានដល់ទូលបង្គំមកហើយ នោះត្រូវឲ្យឯងដាក់របស់ទាំងនោះ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង រួចក្រាបថ្វាយបង្គំដល់ទ្រង់
11 ហើយត្រូវរីករាយចំពោះគ្រប់ទាំងរបស់ល្អ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមកចុះ ព្រមទាំងពួកគ្រួឯង និងពួកលេវី ហើយនឹងពួកអ្នកដែលស្នាក់នៅជាមួយនឹងឯងផង។
12 កាលណាឯងបានថ្វាយ១ភាគក្នុង១០ ពីផលរបស់ឯងទាំងប៉ុន្មាន នៅឆ្នាំទី៣ គឺជាឆ្នាំដែលត្រូវថ្វាយ១ភាគក្នុង១០នោះរួចហើយ នោះត្រូវចែកឲ្យដល់ពួកលេវី និងពួកអ្នកដែលស្នាក់នៅ ព្រមទាំងពួកកូនកំព្រា ហើយនឹងពួកស្រីមេម៉ាយផង ដើម្បីឲ្យអ្នកទាំងនោះបានបរិភោគចំអែតគ្រប់គ្រាន់ នៅក្នុងទីក្រុងឯងដែរ
13 នោះត្រូវឲ្យទូលនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯងថា ទូលបង្គំបាននាំយកដង្វាយទាំងអស់ ចេញពីផ្ទះទូលបង្គំមក ហើយបានចែកឲ្យដល់ពួកលេវី និងពួកអ្នកដែលស្នាក់នៅ ព្រមទាំងពួកកូនកំព្រា និងពួកស្រីមេម៉ាយផង តាមបញ្ញត្តដែលទ្រង់បានបង្គាប់មកគ្រប់ជំពូកហើយ ទូលបង្គំមិនបានរំលងបញ្ញត្តទ្រង់ណាមួយឡើយ ក៏មិនបានភ្លេចដែរ
14 ទូលបង្គំមិនបានទទួលទានពីរបស់ទាំងនោះ ក្នុងកាលដែលកំពុងកាន់ទុក្ខឡើយ ក៏មិនបានបង្វែរអ្វីមួយសំរាប់ការស្មោកគ្រោក ឬឲ្យអ្វីសំរាប់ខ្មោចស្លាប់ដែរ ទូលបង្គំបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ហើយបានធ្វើតាមគ្រប់សេចក្ដីទាំងអស់ ដែលទ្រង់បានបង្គាប់មកហើយ
15 សូមទ្រង់ទតមកពីទីលំនៅបរិសុទ្ធរបស់ទ្រង់នៅស្ថានសួគ៌ ហើយប្រទានពរដល់សាសន៍អ៊ីស្រាអែលជារាស្ត្ររបស់ទ្រង់ ព្រមទាំងដីដែលទ្រង់បានប្រទានមកយើងខ្ញុំផង គឺជាស្រុកនេះដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចជាទ្រង់បានស្បថនឹងពួកអយ្យកោយើងខ្ញុំហើយ។
16 នៅថ្ងៃនេះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បង្គាប់មក ឲ្យឯងប្រព្រឹត្តតាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងនេះ ដូច្នេះ ត្រូវឲ្យឯងកាន់ ហើយប្រព្រឹត្តតាម ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯងចុះ
17 នៅថ្ងៃនេះ ឯងបានសុខចិត្តទទួលព្រមថាព្រះយេហូវ៉ា ទ្រង់ជាព្រះនៃឯង ហើយថា ឯងនឹងដើរតាមផ្លូវទ្រង់ ព្រមទាំងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ និងច្បាប់ ហើយនឹងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន ក៏នឹងស្តាប់តាមព្រះបន្ទូលទ្រង់ផង
18 ព្រះយេហូវ៉ាទ្រង់ក៏បានទទួលព្រមនៅថ្ងៃនេះថា ឯងជារាស្ត្ររបស់ផងទ្រង់ពិតដូចជាទ្រង់បានសន្យានឹងឯងហើយ ព្រមទាំងប្រាប់ឲ្យឯងកាន់តាមគ្រប់ទាំងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់
19 ហើយឲ្យបានលើកឯងឡើងជាខ្ពស់ផង គឺខ្ពស់លើសអស់ទាំងសាសន៍ដែលទ្រង់បានបង្កើត ដោយមានសេចក្ដីសរសើរ និងកេរ្តិ៍ឈ្មោះ ហើយនឹងសេចក្ដីថ្កុំថ្កើង ដើម្បីឲ្យឯងបានធ្វើជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ដូចជាទ្រង់បានមានព្រះបន្ទូលស្រាប់។