ចោទិយ‌កថា 17 KHOV

1 មិន​ត្រូវ​ឲ្យ​ឯង​ថ្វាយ​គោ ឬ​ចៀម​ណា ដែល​មាន​ស្លាក‌ស្នាម ឬ​អាក្រក់​អ្វី ទៅ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឡើយ ដ្បិត​នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។

2 នៅ​ក្នុង​ទី​ក្រុង​ណា ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​មក បើ‌សិន​ជា​ឃើញ​មាន​មនុស្ស​ប្រុស ឬ​ស្រី​ណា នៅ​ជា​មួយ​នឹង​ឯង ដែល​ប្រព្រឹត្ត​សេចក្ដី​អ្វី​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដោយ​រំលង​សេចក្ដី​សញ្ញា​ទ្រង់

3 ទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ ឬ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ ឬ​របស់​ដ៏​បរិបូរ​ណា​មួយ​នៅ​លើ​មេឃ ដែល​អញ​មិន​បង្គាប់​ឡើយ

4 រួច​មាន​គេ​ប្រាប់​ដល់​ឯង ឬ​ឯង​បាន​ឮ​ក្តី នោះ​ត្រូវ​ឲ្យ​ឯង​ស៊ើប‌សួរ​យ៉ាង​អស់​ពី​ចិត្ត បើ​ឃើញ​ជា​ត្រូវ​ពិត​ដូច្នោះ​មែន​ថា មាន​គេ​ប្រព្រឹត្ត​ការ​គួរ​ខ្ពើម​យ៉ាង​នោះ នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ហើយ

5 នោះ​ត្រូវ​ឲ្យ​នាំ​មនុស្ស​ប្រុស ឬ​ស្រី ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​នោះ មក​ឯ​ទ្វារ​ក្រុង​របស់​ឯង ហើយ​ចោល​សំឡាប់​នឹង​ថ្ម​ទៅ ទោះ​ប្រុស ឬ​ស្រី​ក្តី

6 ត្រូវ​ឲ្យ​សំឡាប់​អ្នក​ដែល​មាន​ទោស​ដល់​ស្លាប់​នោះ ដោយ​មាន​ស្មរ‌បន្ទាល់​២​ឬ​៣​នាក់ តែ​បើ​មាន​តែ​ម្នាក់​ទេ នោះ​មិន​ល្មម​នឹង​សំឡាប់​គេ​ឡើយ

7 ត្រូវ​ឲ្យ​ស្មរ​បន្ទាល់​ទាំង​នោះ​ដាក់​ដៃ​ជា​មុន​គេ ដើម្បី​នឹង​សំឡាប់​ចោល រួច​សឹម​ឲ្យ​ពួក​បណ្តា‌ជន​គ្រប់​គ្នា​ជា​ខាង​ក្រោយ គឺ​យ៉ាង​ដូច្នោះ​ដែល​ឯង​ត្រូវ​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​ឯង​ចេញ។

ការ​កាត់​ក្តី

8 បើ​កាល​ណា​មាន​រឿង​ណា​ពីបាក​ពេក ដែល​ឯង​នឹង​ជំនុំ‌ជំរះ​មិន​បាន ទោះ​ពី​ឈាម​នឹង​ឈាម ពាក្យ​បណ្តឹង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ការ​វាយ​គ្នា ជា​រឿង​ដែល​នាំ​ឲ្យ​មាន​ក្តី​កើត​ឡើង​នៅ​ក្នុង​ទី​ក្រុង​ឯង នោះ​ត្រូវ​ឲ្យ​ឯង​ក្រោក​ឡើង ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​រើស

9 ហើយ​ចូល​ទៅ​សួរ​ដល់​ពួក​លេវី​ដ៏​ជា​សង្ឃ និង​ចៅ‌ក្រម​ដែល​នឹង​មាន​ក្នុង​គ្រា​នោះ រួច​អ្នក​ទាំង​នោះ​នឹង​បង្ហាញ​ឲ្យ​ឯង​ចេះ​កាត់​សេចក្ដី​ហើយ

10 នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​តាម​ដែល​ពួក​អ្នក​នោះ​នឹង​បង្ហាញ​មក​ឯង ពី​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស ហើយ​ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​ទាំង​នោះ​នឹង​បង្រៀន​ដល់​ឯង​ចុះ

11 គឺ​ត្រូវ​ឲ្យ​ឯង​កាត់​សេចក្ដី​ឲ្យ​ត្រូវ ដូច​ជា​ច្បាប់​ដែល​អ្នក​ទាំង​នោះ​នឹង​បង្រៀន​ដល់​ឯង ហើយ​តាម​សេចក្ដី​យុត្តិ‌ធម៌​ដែល​អ្នក​ទាំង​នោះ​នឹង​ប្រាប់​ដល់​ឯង​ផង មិន​ត្រូវ​ឲ្យ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ចេញ​ពី​សេចក្ដី ដែល​អ្នក​ទាំង​នោះ​នឹង​បង្ហាញ​នោះ​ឡើយ។

12 ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត ឥត​ស្តាប់​តាម​សង្ឃ​ដែល​ឈរ​បំរើ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នៅ​ទី​នោះ ឬ​តាម​ចៅ‌ក្រម​ផង អ្នក​នោះ​នឹង​ត្រូវ​ទោស​ដល់​ស្លាប់ ត្រូវ​ឲ្យ​បំបាត់​សេចក្ដី​អាក្រក់​ពី​សាសន៍​អ៊ីស្រា‌អែល​ចេញ

13 នោះ​បណ្តា‌ជន​ទាំង‌ឡាយ​នឹង​ឮ រួច​នឹង​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត​ទៀត។

ច្បាប់​ស្តី​អំពី​ព្រះ‌មហា‌ក្សត្រ

14 កាល​ណា​ឯង​បាន​ទៅ​ដល់​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ ហើយ​ចាប់​យក​បាន​ព្រម​ទាំង​តាំង​ទី​លំនៅ​អាស្រ័យ​នៅ​ផង រួច​ជំនុំ​គ្នា​ថា យើង​នឹង​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​យើង​ដែរ

15 នោះ​ត្រូវ​តាំង​អ្នក​ណា​មួយ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស គឺ​ត្រូវ​លើក​ម្នាក់​ក្នុង​ពួក​បង​ប្អូន​ឯង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ឯង​ចុះ គ្មាន​ច្បាប់​នឹង​តាំង​អ្នក​ប្រទេស​ក្រៅ​ណា ដែល​មិន​មែន​ជា​បង​ប្អូន​ឯង ឲ្យ​គ្រប់​គ្រង​លើ​ឯង​ឡើយ

16 កុំ​បី​តែ​ឲ្យ​ស្តេច​នោះ​ចំរើន​សេះ​ជា​ច្រើន​សំរាប់​ខ្លួន ឬ​បណ្តាល​ឲ្យ​បណ្តា‌ជន​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​ខ្លួន​បាន​សេះ​ជា​ច្រើន​ឡើង​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​រាល់​គ្នា​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ តាម​ផ្លូវ​នោះ​ទៀត​ឲ្យ​សោះ

17 ក៏​មិន​ត្រូវ​ឲ្យ​ស្តេច​នោះ​យក​ភរិយា​ជា​ច្រើន​ដែរ ដើម្បី​កុំ​ឲ្យ​មាន​ចិត្ត​ងាក​បែរ​ចេញ​ទៅ​ឡើយ ក៏​មិន​ត្រូវ​ប្រមូល​ប្រាក់​មាស​ជា​ច្រើន​លើស‌លប់​ដែរ។

18 កាល​ណា​ស្តេច​នោះ បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​ហើយ នោះ​ត្រូវ​ឲ្យ​ចម្លង​ក្រឹត្យ‌វិន័យ តាម​គម្ពីរ​ដែល​នៅ​មុខ​ពួក​លេវី​ដ៏​ជា​សង្ឃ ទុក​ក្នុង​សៀវភៅ​សំរាប់​ខ្លួន

19 ត្រូវ​ឲ្យ​សៀវភៅ​នោះ​នៅ​ជា​មួយ​នឹង​ខ្លួន ហើយ​ត្រូវ​មើល​រាល់​តែ​ថ្ងៃ​ជានិច្ច អស់​១​ជីវិត​ផង ដើម្បី​នឹង​ទំលាប់​ខ្លួន ឲ្យ​ចេះ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ប្រយោជន៍​ឲ្យ​បាន​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ និង​ច្បាប់​ទាំង​នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង

20 ហើយ​កុំ​ឲ្យ​កើត​មាន​ចិត្ត​ធំ​លើ​ពួក​បង​ប្អូន​ខ្លួន ឬ​ងាក​បែរ​ចេញ​ពី​សេចក្ដី​បង្គាប់ ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ នេះ​គឺ​ដើម្បី​ឲ្យ​បាន​ជីវិត​ជា​យូរ‌អង្វែង​នៅ​ក្នុង​នគរ​ខ្លួន ព្រម​ទាំង​កូន​ចៅ​របស់​ខ្លួន នៅ​ក្នុង​ពួក​សាសន៍​អ៊ីស្រា‌អែល​ត​រៀង​ទៅ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34