ចោទិយ‌កថា 19 KHOV

ច្បាប់​ស្តី​អំពី​ក្រុង​ជំរក

1 កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​កាត់​បណ្តាច់​អស់​ទាំង​សាសន៍​ទាំង​នោះ ដែល​ទ្រង់​ប្រទាន​ស្រុក​គេ​មក​ឲ្យ​ឯង ហើយ​ឯង​បាន​បណ្តេញ​គេ​ទៅ ព្រម​ទាំង​តាំង​ទី​លំនៅ​ឯង​នៅ​ក្នុង​ក្រុង និង​នៅ​ក្នុង​ផ្ទះ​គេ

2 នោះ​ត្រូវ​ញែក​ទី​ក្រុង​៣​ចេញ សំរាប់​ឯង នៅ​កណ្តាល​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក

3 ត្រូវ​ឲ្យ​រៀប‌ចំ​ផ្លូវ ហើយ​ចែក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​គ្រង​ជា​មរដក ចេញ​ជា​៣​ផ្នែក ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​សំឡាប់​គេ បាន​រត់​ទៅ​ជ្រក​នៅ​ឯ​ទី​នោះ។

4 នេះ​ជា​ច្បាប់​ខាង​ឯ​អ្នក​ដែល​សំឡាប់​គេ ហើយ​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​ក្រុង​នោះ ដើម្បី​នឹង​ឲ្យ​រួច​ជីវិត​បាន គឺ​អ្នក​ណា​មួយ​ដែល​សំឡាប់​អ្នក​ជិត​ខាង​ខ្លួន មិន​ប្រកប​ដោយ​ចិត្ត​ប៉ង ក៏​មិន​បាន​ស្អប់​កាល​ពី​មុន​ដែរ

5 ឧបមា​ដូច​ជា​មនុស្ស​ណា​ម្នាក់ ដែល​ទៅ​ព្រៃ​កាប់​ឧស​ជា​មួយ​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​ក៏​លើក​ពូថៅ​ឡើង និង​កាប់​រំលំ​ដើម​ឈើ ស្រាប់​តែ​ផ្លែ​របូត​ចេញ​ពី​ដង ទៅ​ត្រូវ​អ្នក​ជិត​ខាង​ដល់​ស្លាប់ ដូច្នេះ​ត្រូវ​ឲ្យ​អ្នក​នោះ​រត់​ទៅ​ជ្រក​អាស្រ័យ នៅ​ទី​ក្រុង​ណា​មួយ​នោះ ឲ្យ​បាន​រួច​ជីវិត​ចុះ

6 ក្រែង​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម បាន​ដេញ​តាម​អ្នក​ដែល​សំឡាប់​គេ​ឲ្យ​ទាន់ ដោយ​ព្រោះ​ផ្លូវ​នោះ​ឆ្ងាយ ក្នុង​កាល​ដែល​ចិត្ត​កំពុង​ខឹង​ក្តៅ​នៅ​ឡើយ រួច​ក៏​វាយ​អ្នក​នោះ​សំឡាប់​ទៅ តែ​អ្នក​នោះ​មិន​គួរ​នឹង​ស្លាប់​ទេ ពី​ព្រោះ​មិន​បាន​ស្អប់​គេ​ពី​ដើម​ឡើយ

7 ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ថា ចូរ​ញែក​ទី​ក្រុង​៣​សំរាប់​ឯង​ចុះ

8 ហើយ​បើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​វាត​ព្រំ​ប្រទល់​របស់​ឯង​ឲ្យ​ធំ​ឡើង ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ ហើយ​ទ្រង់​ប្រទាន​ស្រុក​ទាំង​អស់ ដែល​ទ្រង់​បាន​សន្យា និង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង

9 ដោយ​ឯង​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត​ដែល​អញ​បង្គាប់​មក នៅ​ថ្ងៃ​នេះ គ្រប់​ជំពូក ដើម្បី​នឹង​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​ដើរ​តាម​ផ្លូវ​ទ្រង់ ជា​ដរាប​ទៅ នោះ​ត្រូវ​ឲ្យ​បន្ថែម​ទី​ក្រុង​៣​ទៀត

10 ដើម្បី​កុំ​ឲ្យ​មាន​ការ​ខ្ចាយ​ឈាម របស់​មនុស្ស​ឥត​ទោស​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក​របស់​ឯង ហើយ​យ៉ាង​នោះ មាន​ឈាម​ធ្លាក់​មក​លើ​ឯង​នោះ​ឡើយ។

11 ប៉ុន្តែ​បើ​មនុស្ស​ណា​មាន​ចិត្ត​ស្អប់ ដល់​អ្នក​ជិត​ខាង​ខ្លួន ហើយ​លប​ចាំ​ស្ទុះ​ទៅ​វាយ​ឲ្យ​ដល់​ស្លាប់ រួច​រត់​ទៅ​ជ្រក​នៅ​ទី​ក្រុង​ណា​មួយ​នោះ

12 នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​របស់​អ្នក​នោះ ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អ្នក​នោះ​មក ហើយ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម​វិញ ដើម្បី​ឲ្យ​ត្រូវ​ស្លាប់​ចុះ

13 មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​ប្រណី​ឡើយ ត្រូវ​ឲ្យ​បំបាត់​ការ​ខ្ចាយ​ឈាម​ឥត​ទោស ពី​ពួក​អ៊ីស្រា‌អែល​ចេញ​វិញ ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ​ត​ទៅ។

ច្បាប់​ស្តី​អំពី​ការ​បង្ខិត​បង្គោល​របង

14 មិន​ត្រូវ​ឲ្យ​ឯង​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​ដែល​គេ​បាន​បោះ​កាល​ពី​ដើម នៅ​ដី​ដែល​ឯង​នឹង​គ្រង​ជា​មរដក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក​នោះ​ឡើយ។

សាក្សី​ក្លែង‌ក្លាយ

15 មិន​ត្រូវ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ ឈរ​ឡើង​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទុច្ចរិត ឬ​ពី​អំពើ​បាប​ណា ដែល​មនុស្ស​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ក្តី​នោះ​ឡើយ គឺ​ដោយ​ស្មរ​បន្ទាល់​២​ឬ​៣​នាក់​វិញ ទើប​ដំណើរ​នោះ​នឹង​សំរេច​បាន

16 បើ​កាល​ណា​មាន​ស្មរ‌បន្ទាល់​ក្លែង‌ក្លាយ ឈរ​ឡើង​ធ្វើ​បន្ទាល់​ទាស់​នឹង​មនុស្ស​ណា ពី​ការ​កំហុស​អ្វី

17 នោះ​ត្រូវ​ឲ្យ​ទាំង​២​នាក់​ដែល​កើត​ទាស់‌ទែង​គ្នា បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មុខ​ពួក​សង្ឃ និង​ចៅ‌ក្រម​ដែល​មាន​ក្នុង​គ្រា​នោះ

18 ហើយ​ត្រូវ​ឲ្យ​ពួក​ចៅ‌ក្រម​ពិនិត្យ​សួរ​ដោយ​ហ្មត់‌ចត់ បើ​ឃើញ​ថា អ្នក​នោះ​ជា​ស្មរ‌បន្ទាល់​ក្លែង‌ក្លាយ​មែន ហើយ​បាន​ធ្វើ​បន្ទាល់​កោង​ទាស់​នឹង​បង​ប្អូន

19 នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នឹង​អ្នក​នោះ ដូច​ជា​អ្នក​នោះ​បាន​គិត​ធ្វើ​ដល់​បង​ប្អូន​វិញ យ៉ាង​នោះ​ឯង​នឹង​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​ឯង​ចេញ

20 ដូច្នេះ​អ្នក​ឯ​ទៀត​នឹង​ឮ ហើយ​កោត‌ខ្លាច រួច​នឹង​លែង​ប្រព្រឹត្ត​ការ​អាក្រក់​យ៉ាង​ដូច្នោះ នៅ​ក្នុង​ពួក​ឯង​ត​ទៅ

21 មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​ប្រណី​គេ​ឲ្យ​សោះ ត្រូវ​ធ្វើ​ឲ្យ​ជីវិត​ធួន​នឹង​ជីវិត ភ្នែក​ធួន​នឹង​ភ្នែក ធ្មេញ​ធួន​នឹង​ធ្មេញ ដៃ​ធួន​នឹង​ដៃ ជើង​ធួន​នឹង​ជើង​វិញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34