ចោទិយ‌កថា 30 KHOV

ព្រះ‌បន្ទូល​សន្យា​នៅ​ពេល​អ៊ីស្រា‌អែល​វិល​មក​រក​ព្រះ‌អម្ចាស់​វិញ

1 កាល​ណា​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​មក​លើ​ឯង គឺ​ទាំង​ពរ និង​បណ្តាសា ដែល​អញ​ដាក់​នៅ​មុខ​ឯង រួច​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ដេញ​ឯង​ទៅ​នៅ នោះ​ឯង​ចាប់​តាំង​នឹក​រឭក​ពី​ការ​ទាំង​នោះ​នៅ​ក្នុង​ចិត្ត

2 ហើយ​ឯង​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​នៅ​ថ្ងៃ​នេះ ព្រម​ទាំង​កូន​ចៅ​ឯង​ផង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង

3 នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បំផ្លាស់​សណ្ឋាន​ឈ្លើយ​របស់​ឯង ព្រម​ទាំង​អាណិត​មេត្តា​ដល់​ឯង ហើយ​នឹង​ប្រមូល​ឯង​មក​ពី​គ្រប់​ទាំង​សាសន៍ ជា​កន្លែង​ដែល​ទ្រង់​បាន​កំចាត់‌កំចាយ​ឯង​ទៅ​នៅ​នោះ​មក​វិញ

4 ទោះ​បើ​ពួក​ឯង​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ បាន​ទៅ​នៅ​ដល់​ទី​បំផុត​នៃ​ជើង​មេឃ​ក៏​ដោយ គង់​តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រមូល ហើយ​នាំ​យក​ឯង​ពី​ទី​នោះ​មក​វិញ​ដែរ

5 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​នាំ​ឯង​មក​ក្នុង​ស្រុក ពួក​អយ្យកោ​ឯង​បាន​ចាប់​យក ហើយ​ឯង​នឹង​ទទួល​យក​ស្រុក​នោះ​វិញ នោះ​ទ្រង់​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ហើយ​នឹង​ចំរើន​ឯង​ឲ្យ​មាន​គ្នា​ជា​ច្រើន លើស​ជាង​ពួក​អយ្យកោ​ឯង​ទៅ​ទៀត

6 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាត់​ស្បែក​ចិត្ត​របស់​ឯង ហើយ​នឹង​ចិត្ត​របស់​ពូជ​ឯង​ផង ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ

7 រួច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ដាក់​អស់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ ទៅ​លើ​ពួក​ខ្មាំង​សត្រូវ និង​លើ​ពួក​អ្នក​ដែល​ស្អប់​ឯង ដែល​គេ​បាន​ធ្វើ​ទុក្ខ​ឯង​វិញ

8 នោះ​ឯង​នឹង​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ព្រម​ទាំង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​មក​នៅ​ថ្ងៃ​នេះ

9 រួច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ចំរើន​គ្រប់​ទាំង​ការ ដែល​ដៃ​ឯង​ធ្វើ ឲ្យ​មាន​ជា​បរិបូរ ព្រម​ទាំង​ផល​កើត​ពី​ពោះ​ឯង និង​ផល​កើត​ពី​ហ្វូង​សត្វ ហើយ​នឹង​ផល​កើត​ពី​ដី​ឯង​ផង សំរាប់​ជា​សេចក្ដី​ល្អ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មាន​សេចក្ដី​អំណរ ដើម្បី​ប្រោស​ឲ្យ​ឯង​បាន​សេចក្ដី​ល្អ​វិញ​ទៀត ដូច​ជា​ពី​ដើម​ទ្រង់​បាន​មាន​សេចក្ដី​អំណរ​នឹង​ពួក​អយ្យកោ​ឯង​ដែរ

10 គឺ​បើ​ឯង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ គឺ​បើ​ឯង​បែរ​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង។

11 ដ្បិត​សេចក្ដី​បញ្ញត្ត ដែល​អញ​បង្គាប់​មក​ឯង​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កំឡាំង​ឯង​ទេ ក៏​មិន​មែន​នៅ​ឆ្ងាយ​ដែរ

12 គឺ​មិន​មែន​នៅ​លើ​ស្ថាន‌សួគ៌ ឲ្យ​ឯង​បាន​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌ នាំ​យក​ព្រះ‌បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ទេ

13 ក៏​មិន​មែន​នៅ​ត្រើយ​សមុទ្រ​ខាង​នាយ ឲ្យ​ឯង​បាន​ថា តើ​អ្នក​ណា​នឹង​ឆ្លង​សមុទ្រ ទៅ​នាំ​យក​ព្រះ‌បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ដែរ

14 គឺ​ព្រះ‌បន្ទូល​នេះ​នៅ​ជិត​ឯង​ណាស់ ក៏​នៅ​ក្នុង​មាត់​ឯង និង​ក្នុង​ចិត្ត​ឯង​ផង ដើម្បី​ឲ្យ​ឯង​អាច​ប្រព្រឹត្ត​តាម​បាន។

15 មើល នៅ​ថ្ងៃ​នេះ អញ​បាន​ដាក់​សំញែង​ជីវិត និង​សេចក្ដី​ល្អ​នៅ​មុខ​ឯង ព្រម​ទាំង​សេចក្ដី​ស្លាប់ និង​សេចក្ដី​អាក្រក់​ផង

16 ដោយ​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ឲ្យ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ទ្រង់ ហើយ​នឹង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ឯង​បាន​រស់​នៅ ហើយ​ចំរើន​ឡើង ហើយ​ប្រយោជន៍​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ

17 ប៉ុន្តែ​បើ​ចិត្ត​ឯង​បែរ​ចេញ មិន​ព្រម​ស្តាប់​តាម ក៏​យល់​ព្រម​ឲ្យ​គេ​ប្រទាញ​នាំ​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​វិញ

18 នោះ​អញ​ប្រាប់​ឯង​រាល់​គ្នា​ដោយ​ត្រង់ នៅ​ថ្ងៃ​នេះ​ថា ឯង​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន គឺ​ឯង​មិន​បាន​រស់​នៅ​ជា​យូរ​ប៉ុន្មាន នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ចាប់​យក​នោះ​ទេ

19 អញ​អាង​ដល់​ស្ថាន‌សួគ៌ និង​ផែនដី​ឲ្យ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត និង​សេចក្ដី​ស្លាប់ ទាំង​ព្រះ‌ពរ និង​សេចក្ដី​បណ្តាសា នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ​ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង

20 ប្រយោជន៍​ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់​ត​ទៅ ដ្បិត​គឺ​ទ្រង់​ហើយ ជា​ជីវិត​នៃ​ឯង ហើយ​ជា​អាយុ​វែង​ដល់​ឯង​ដែរ ឲ្យ​ឯង​បាន​នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ជា​ពួក​អយ្យកោ​ឯង​ថា នឹង​ឲ្យ​ដល់​គេ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34