ចោទិយ‌កថា 22 KHOV

ច្បាប់​អំពី​សត្វ ឬ​របស់​របរ​ដែល​បាត់

1 បើ​ឯង​ឃើញ​គោ ឬ​ចៀម​របស់​បង​ប្អូន​វង្វេង នោះ​មិន​ត្រូវ​ឲ្យ​គេច​ចេញ​ឡើយ ត្រូវ​ឲ្យ​ដឹក‌នាំ​ទៅ​ឯ​ម្ចាស់​វិញ​ជា​កុំ​ខាន

2 បើ​បង​ប្អូន​នោះ​នៅ​ឆ្ងាយ​ពី​ឯង ឬ​ជា​អ្នក​ដែល​ឯង​មិន​ស្គាល់​សោះ នោះ​ត្រូវ​ដឹក‌នាំ​សត្វ​ទៅ​ឯ​ផ្ទះ​ឯង​ទុក ចាំ​ទាល់​តែ​គេ​មក​រក រួច​សឹម​ប្រគល់​ដល់​គេ​វិញ

3 ត្រូវ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នោះ​ចំពោះ​សត្វ​លា និង​សំលៀក‌បំពាក់​ហើយ​នឹង​គ្រប់​របស់​ទាំង​អស់ ដែល​បង​ប្អូន​ឯង​បាន​បាត់​ហើយ​ឯង​បាន​ឃើញ​នោះ​ដែរ មិន​ត្រូវ​ឲ្យ​គេច​ចេញ​ឡើយ

4 ឬ​បើ​ឃើញ​លា ឬ​គោ របស់​បង​ប្អូន ដែល​ដួល​តាម​ផ្លូវ នោះ​ក៏​មិន​ត្រូវ​ឲ្យ​ឯង​ចេញ​ពី​គេ​ដែរ គឺ​ត្រូវ​តែ​ជួយ​លើក​សត្វ​នោះ​ឡើង​វិញ​ជា​កុំ​ខាន។

ច្បាប់​ផ្សេងៗ

5 រីឯ​ពួក​ស្ត្រី មិន​ត្រូវ​ឲ្យ​គេ​ស្លៀក‌ពាក់​ប្រដាប់​របស់​បុរស​ឡើយ ហើយ​បុរស​ក៏​មិន​ត្រូវ​ស្លៀក‌ពាក់​ប្រដាប់​របស់​ស្ត្រី​ដែរ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ណាស់។

6 បើ​កាល​ណា​ឯង​ប្រទះ​ឃើញ​សំបុក​សត្វ ដែល​មាន​កូន ឬ​មាន​ពង នៅ​ក្បែរ​ផ្លូវ ទោះ​នៅ​លើ​ដើម​ឈើ​ណា ឬ​នៅ​លើ​ដី​ក្តី ហើយ​មេ​កំពុង​តែ​ក្រាប​នៅ​លើ​កូន ឬ​ពី​លើ​ពង នោះ​មិន​ត្រូវ​ឲ្យ​ឯង​យក​មេ ជា​មួយ​នឹង​កូន​ផង​ទេ

7 គឺ​ត្រូវ​ឲ្យ​ឯង​លែង​មេ​ទៅ​ជា​កុំ​ខាន ឯ​កូន​នោះ ឯង​នឹង​យក​បាន ដូច្នេះ​ឯង​នឹង​បាន​សប្បាយ ហើយ​បាន​ជីវិត​រស់​នៅ​ជា​យូរ‌អង្វែង​ត​ទៅ។

8 កាល​ណា​សង់​ផ្ទះ​ថ្មី នោះ​ត្រូវ​ឲ្យ​ធ្វើ​បង្កាន់‌ដៃ​លើ​ដំបូល ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ធ្លាក់​ពី​លើ​នោះ​ទៅ​ក្រោម និង​នាំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​គេ​លើ​ផ្ទះ​ឯង​ឡើយ។

9 មិន​ត្រូវ​ឲ្យ​ព្រោះ​ពូជ​២​យ៉ាង​ខុស​គ្នា​ចំរុះ​ក្នុង​ចំការ​ឯង​ឡើយ ក្រែង​ផល​ទាំង​អស់​ត្រូវ​ខូច​ខាត​ទៅ ព្រម​ទាំង​ពូជ​ដែល​ឯង​បាន​ព្រោះ និង​ផល​ចំរើន​នោះ​ផង

10 ក៏​មិន​ត្រូវ​ភ្ជួរ ដោយ​ទឹម​គោ​ជា​មួយ​នឹង​លា​ដែរ

11 មិន​ត្រូវ​ឲ្យ​ឯង​ស្លៀក‌ពាក់​សំពត់​ត្បាញ​លាយ​ដោយ​រោម​ចៀម និង​អំបោះ​ខ្លូត‌ទេស​ជា​មួយ​គ្នា​ឡើយ។

12 ត្រូវ​ឲ្យ​ឯង​ធ្វើ​រំយោល ភ្ជាប់​ត្រង់​ជាយ​ទាំង​៤​នៃ​សំពត់​ដែល​ឯង​ស្លៀក​ផង។

ច្បាប់​សីល‌ធម៌

13 បើ​អ្នក​ណា​យក​ប្រពន្ធ ហើយ​ចូល​ទៅ​ឯ​នាង រួច​បែរ​ជា​ស្អប់​វិញ

14 ហើយ​ចាប់​តាំង​និយាយ​កេរ្ដិ៍​ពី​នាង ព្រម​ទាំង​នាំ​ឲ្យ​នាង​មាន​ឈ្មោះ​អាក្រក់ ដោយ​ពាក្យ​ថា ខ្ញុំ​បាន​យក​ស្ត្រី​នេះ ហើយ​កាល​បាន​ចូល​ទៅ​ឯ​វា នោះ​ឃើញ​ថា​មិន​បរិសុទ្ធ​ទេ

15 នោះ​ត្រូវ​ឲ្យ​ឪពុក​ម្តាយ​នាង នាំ​យក​ទី​សំគាល់ ពី​សេចក្ដី​បរិសុទ្ធ​របស់​នាង ទៅ​ឯ​ពួក​ចាស់‌ទុំ​នៃ​ទី​ក្រុង​ត្រង់​មាត់​ទ្វារ​ក្រុង

16 រួច​ត្រូវ​ឲ្យ​ឪពុក​នាង​ជំរាប​ដល់​ពួក​ចាស់‌ទុំ​ថា ខ្ញុំ​បាន​ឲ្យ​កូន​ខ្ញុំ​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​នេះ តែ​គេ​បែរ​ជា​ស្អប់​វិញ

17 ហើយ​មើល គេ​បាន​និយាយ​បរិហារ‌កេរ្តិ៍​ពី​នាង​ថា មិន​ឃើញ​នាង​បរិសុទ្ធ​ទេ តែ​មើល​មាន​ទី​សំគាល់​នេះ​ពី​សេចក្ដី​បរិសុទ្ធ​របស់​កូន​ខ្ញុំ​ស្រាប់ នោះ​ត្រូវ​លា​សំពត់​នោះ​នៅ​មុខ​ចាស់‌ទុំ​នៃ​ទី​ក្រុង

18 រួច​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ ចាប់​យក​អ្នក​នោះ​ទៅ​វាយ‌ផ្ចាល​ចេញ

19 ហើយ​ត្រូវ​ពិន័យ​លក់​អ្នក​នោះ​១០០​រៀល ឲ្យ​ដល់​ឪពុក​នាង ដោយ​ព្រោះ​បាន​នាំ​បង្ខូច​ឈ្មោះ​នាង​ក្រមុំ​ម្នាក់​នៃ​សាសន៍​អ៊ីស្រា‌អែល រួច​នាង​នោះ​នឹង​នៅ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​ត​ទៅ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត

20 តែ​បើ​ការ​នោះ​ពិត​មែន ហើយ​រក​ទី​សំគាល់​ពី​សេចក្ដី​បរិសុទ្ធ​របស់​នាង​មិន​បាន

21 នោះ​ត្រូវ​ឲ្យ​គេ​នាំ​នាង​ចេញ ទៅ​ឯ​មាត់​ទ្វារ​ផ្ទះ​ឪពុក ហើយ​ត្រូវ​ឲ្យ​មនុស្ស​នៅ​ក្រុង​នោះ​ចោល​សំឡាប់​នឹង​ថ្ម​ទៅ ដ្បិត​នាង​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​បារាយ​ក្នុង​ពួក​អ៊ីស្រា‌អែល ដោយ​បាន​ធ្វើ​ឲ្យ​ខូច​សេចក្ដី​បរិសុទ្ធ កាល​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​ខ្លួន​នៅ​ឡើយ គឺ​យ៉ាង​នោះ​ដែល​ត្រូវ​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ។

22 បើ​ដែល​ឃើញ​អ្នក​ណា​កំពុង​តែ​រួម‌ដំណេក និង​ស្ត្រី​ដែល​មាន​ប្ដី​ហើយ នោះ​អ្នក​ទាំង​២​ត្រូវ​ស្លាប់ គឺ​ទាំង​ប្រុស​ដែល​ដេក​នឹង​នាង ព្រម​ទាំង​នាង​នោះ​ផង គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​បំបាត់​សេចក្ដី​អាក្រក់ ពី​ពួក​អ៊ីស្រា‌អែល​ចេញ។

23 បើ​មាន​ស្រី​ក្រមុំ​ណា ដែល​មាន​គេ​ដណ្តឹង​ហើយ​ស្រាប់​តែ​មាន​ប្រុស​ណា​ប្រទះ​ឃើញ​នាង នៅ​ក្នុង​ទី​ក្រុង​ហើយ​ចាប់​យក​ទៅ​រួម​ដំណេក​នឹង​នាង

24 នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​អ្នក​ទាំង​២ ចេញ​ទៅ​ឯ​ទ្វារ​ក្រុង ចោល​សំឡាប់​នឹង​ថ្ម​ទៅ គឺ​នាង​នោះ ដោយ​ព្រោះ​នៅ​ក្នុង​ទី​ក្រុង តែ​មិន​បាន​ស្រែក​សោះ ហើយ​មនុស្ស​ប្រុស​នោះ ដោយ​ព្រោះ​បាន​បន្ទាប‌បន្ថោក​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ

25 ប៉ុន្តែ​បើ​មនុស្ស​ប្រុស​នោះ បាន​ប្រទះ​ឃើញ​នាង ដែល​មាន​គេ​ដណ្តឹង​ហើយ នៅ​ឯ​ទី​វាល​វិញ រួច​ចាប់​បង្ខំ​ដេក​នឹង​នាង​ទៅ នោះ​ត្រូវ​ស្លាប់​តែ​ខាង​ប្រុស​ដែល​បាន​ដេក​នឹង​នាង​ប៉ុណ្ណោះ

26 តែ​ឯ​នាង​នោះ មិន​ត្រូវ​ឲ្យ​ធ្វើ​ទោស​អ្វី​ឡើយ នាង​គ្មាន​បាប​ណា​ដែល​គួរ​ឲ្យ​ស្លាប់​ទេ ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​កាល​មនុស្ស​ណា​មួយ ស្ទុះ​ទៅ​សំឡាប់​អ្នក​ជិត​ខាង​ខ្លួន​ដូច្នោះ​ដែរ

27 ដ្បិត​ប្រុស​នោះ​ឃើញ​នាង​នៅ​ឯ​ទី​វាល ហើយ​នាង​ដែល​មាន​គេ​ដណ្តឹង​បាន​ស្រែក​ឡើង​ដែរ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​សោះ។

28 បើ​មនុស្ស​ប្រុស​ណា​ប្រទះ​ឃើញ​ស្រី​ក្រមុំ ដែល​ឥត​មាន​អ្នក​ណា​ដណ្តឹង​នៅ​ឡើយ ហើយ​ក៏​ចាប់​យក​ទៅ​រួម​ដំណេក រួច​មាន​គេ​ឃើញ

29 នោះ​អ្នក​ដែល​បាន​ដេក​នឹង​នាង​ត្រូវ​បង់​៥០​រៀល ឲ្យ​ដល់​ឪពុក​នាង រួច​នាង​នឹង​ធ្វើ​ជា​ប្រពន្ធ​ត​ទៅ ពី​ព្រោះ​អ្នក​នោះ​បាន​បន្ទាប‌បន្ថោក​នាង​ហើយ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត។

30 មិន​ត្រូវ​ឲ្យ​មនុស្ស​ណា​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន​ឡើយ ក៏​មិន​ត្រូវ​បើក​សំលៀក​របស់​ឪពុក​ខ្លួន​ដែរ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34