ចោទិយ‌កថា 11 KHOV

ព្រះ‌អម្ចាស់​ជួយ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោ‌ស្ថាន

1 ដូច្នេះ ត្រូវ​ឲ្យ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​រក្សា​បញ្ញើ​ទ្រង់ ព្រម​ទាំង​ច្បាប់ និង​បញ្ញត្ត​ហើយ​នឹង​សេចក្ដី​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ជា​ដរាប​ទៅ

2 ហើយ​នៅ​ថ្ងៃ​នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ការ​ដែល​ពួក​កូន​ចៅ​ឯង​រាល់​គ្នា​មិន​បាន​ឃើញ ហើយ​ពុំ​អាច​នឹង​ដឹង​បាន​ឡើយ គឺ​ជា​ការ​ផ្ចាញ់‌ផ្ចាល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​តេជា‌នុភាព​របស់​ទ្រង់ ហើយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ព្រះ‌ពាហុ ដែល​លើក​សំរេច​របស់​ទ្រង់​ផង

3 ព្រម​ទាំង​ទី​សំគាល់ និង​ការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ ដល់​ទាំង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ និង​ស្រុក​របស់​ទ្រង់​ទាំង​មូល​ដែរ

4 ហើយ​ការ​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ពួក​ពល‌ទ័ព​នៃ​សាសន៍​អេស៊ីព្ទ ដល់​ទាំង​សេះ និង​រទេះ​ចំបាំង​គេ​ផង គឺ​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម ហូរ​មក​គ្រប​លើ​គេ ក្នុង​កាល​ដែល​គេ​ដេញ​តាម​ឯង​រាល់​គ្នា ហើយ​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​គេ​ឲ្យ​បាត់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

5 ព្រម​ទាំង​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ឯង​រាល់​គ្នា នៅ​ទី​រហោ‌ស្ថាន រហូត​មក​ដល់​ទី​នេះ

6 ហើយ​នឹង​ការ​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ដាថាន និង​អ័ប៊ីរ៉ាម​ជា​កូន​អេលាប ពូជ​រូបេន គឺ​ដែល​ដី​បាន​ប្រេះហា​ឡើង​ស្រូប​គេ​បាត់​ទៅ ព្រម​ទាំង​ពួក​ផ្ទះ និង​ត្រសាល​របស់​គេ ហើយ​នឹង​គ្រប់​ទាំង​មនុស្ស ក្នុង​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែល​តាម​គេ​នោះ​ផង

7 ដ្បិត​ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ដ៏​ធំ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ទាំង​អស់​ហើយ

8 ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​តាម​បញ្ញត្ត ដែល​អញ​បង្គាប់​មក​ឯង​នៅ​ថ្ងៃ​នេះ​គ្រប់​ជំពូក ប្រយោជន៍​ឲ្យ​ឯង​រាល់​គ្នា​បាន​ខ្លាំង​ពូកែ អាច​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ឯង​នឹង​ឆ្លង​ទៅ​យក​នោះ​បាន

9 ហើយ​ដើម្បី​ឲ្យ​បាន​ជីវិត​យូរ‌អង្វែង​ត​ទៅ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ និង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង ហើយ​ដល់​ពូជ​គេ​ត​រៀង​ទៅ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ។

ព្រះ‌អម្ចាស់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​ទឹក​ដី​សន្យា

10 ដ្បិត​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ មិន​មែន​ដូច​ជា​ស្រុក​អេស៊ីព្ទ ដែល​ឯង​ទើប និង​ចេញ​មក ជា​ស្រុក​ដែល​ឯង​បាន​សាប‌ព្រោះ រួច​បើក​ទំនប់​ដោយ​ជើង ឲ្យ​ទឹក​ហូរ​ស្រោច ដូច​ជា​នៅ​ច្បារ​បន្លែ​នោះ​ទេ

11 ឯ​ស្រុក​ដែល​ឯង​នឹង​ឆ្លង​ទៅ​ចាប់​យក​នេះ គឺ​ជា​ស្រុក​មាន​ភ្នំ​មាន​ច្រក ហើយ​ក៏​បាន​ស្រោច​ដោយ​ទឹក​ភ្លៀង​ពី​លើ​មេឃ​មក​វិញ

12 ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ថែ​រក្សា ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ចេះ​តែ​ទត​មើល​ស្រុក​នោះ​ជានិច្ច តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ។

13 បើ‌សិន​ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​អស់​ពី​ចិត្ត តាម​បង្គាប់​អញ ដែល​អញ​ប្រាប់​នៅ​ថ្ងៃ​នេះ ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង

14 នោះ​អញ​នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​ឯង​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ខាង​ដើម​រដូវ និង​ខាង​ចុង​រដូវ ដើម្បី​ឲ្យ​ឯង​អាច​នឹង​ច្រូត​ស្រូវ​ឯង ហើយ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ធ្វើ​ប្រេង​របស់​ឯង​បាន

15 អញ​នឹង​ឲ្យ​មាន​ស្មៅ​នៅ​វាល សំរាប់​ហ្វូង​សត្វ​ឯង ហើយ​ខ្លួន​ឯង​ក៏​នឹង​បរិភោគ​ឆ្អែត​ផង។

16 ចូរ​ប្រយ័ត្ន​ចុះ ក្រែង​ចិត្ត​ឯង​រាល់​គ្នា​ត្រូវ​សេចក្ដី​ល្បួង ហើយ​បែរ​ចេញ ទៅ​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏ទៃ

17 រួច​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ឆួល​ឡើង​ទាស់​នឹង​ឯង ហើយ​ទ្រង់​បិទ​ផ្ទៃ​មេឃ មិន​ឲ្យ​មាន​ភ្លៀង ឲ្យ​ដី​លែង​បង្កើត​ផល នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​ចេញ យ៉ាង​ឆាប់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​មក​ឯង។

18 ដូច្នេះ ត្រូវ​ឲ្យ​រក្សា​អស់​ទាំង​ពាក្យ​អញ​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត ក្នុង​ព្រលឹង​ឯង​ចុះ ហើយ​ត្រូវ​ឲ្យ​ចង​ពាក្យ​ទាំង​នេះ​ភ្ជាប់​នៅ​ដៃ​ឯង​ទុក​ជា​ទី​សំគាល់ និង​សំរាប់​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​ឯង

19 ត្រូវ​ឲ្យ​បង្រៀន​ពាក្យ​ទាំង​នេះ​ដល់​ពួក​កូន​ចៅ​ឯង ដោយ​និយាយ​ប្រាប់​ក្នុង​កាល​ដែល​ឯង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង

20 ត្រូវ​ឲ្យ​កត់​ពាក្យ​ទាំង​នេះ​នៅ​ក្រប​ទ្វារ​ផ្ទះ ហើយ​នៅ​ទ្វារ​កំផែង​ឯង​ដែរ

21 ដើម្បី​អាយុ​ឯង និង​អាយុ​កូន​ចៅ​ឯង បាន​ចំរើន​វែង​ឡើង ដូច​ជា​អស់​ទាំង​ថ្ងៃ​នៃ​ស្ថាន‌សួគ៌​នៅ​លើ​ផែនដី នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថានឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង

22 ដ្បិត​បើ​ឯង​រាល់​គ្នា​នឹង​កាន់​តាម​បញ្ញត្ត ដែល​អញ​បង្គាប់​ឯង​នេះ​គ្រប់​ជំពូក​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ដោយ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់

23 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ទាំង​នេះ ពី​មុខ​ឯង​ចេញ ហើយ​ឯង​នឹង​បាន​ចាប់​យក​ស្រុក របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​ធំ ហើយ​ខ្លាំង​ពូកែ​ជាង​ឯង

24 គ្រប់​ទី​កន្លែង​ណា​ដែល​ជើង​ឯង​រាល់​គ្នា​នឹង​ជាន់​លើ នោះ​នឹង​បាន​ជា​របស់​ផង​ឯង​ហើយ ឯ​ព្រំ​ស្រុក​ឯង នោះ​នឹង​បាន​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ល្បាណូន ហើយ​ពី​ទន្លេ គឺ​ជា​ទន្លេ​អ៊ើប្រាត រហូត​ដល់​សមុទ្រ​ខាង​លិច

25 គ្មាន​មនុស្ស​ណា​មួយ​នឹង​អាច​ឈរ​នៅ​មុខ​ឯង​រាល់​គ្នា​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តាល​ស្រុក​ទាំង​មូល​ដែល​ឯង​រាល់​គ្នា​ទៅ​ជាន់​នោះ ឲ្យ​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​ឲ្យ​ស្ញែង‌ខ្លាច​ចំពោះ​ឯង​រាល់​គ្នា ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​ហើយ។

26 មើល នៅ​ថ្ងៃ​នេះ អញ​ដាក់​ព្រះ​ពរ ហើយ​នឹង​សេចក្ដី​បណ្តាសា សំញែង​នៅ​មុខ​ឯង​រាល់​គ្នា

27 បើ​ឯង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​នឹង​បាន​ពរ

28 តែ​បើ​មិន​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទេ គឺ​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ទៅ​តាម​ព្រះ​ដទៃ​ដែល​ពី​ដើម​មិន​បាន​ស្គាល់​វិញ នោះ​ឯង​នឹង​ត្រូវ​បណ្តាសា​ហើយ។

29 កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ឯង​ត្រូវ​ទៅ​ចាប់​យក នោះ​ត្រូវ​ឲ្យ​ប្រកាស​ប្រាប់​ព្រះ‌ពរ​ពី​លើ​ភ្នំ​កេរិស៊ីម និង​សេចក្ដី​បណ្តាសា​ពី​លើ​ភ្នំ​អេបាល

30 (ភ្នំ​ទាំង​២​នោះ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​នាយ គឺ​ទិស​ខាង​ថ្ងៃ​លិច នា​ស្រុក​របស់​ពួក​សាសន៍​កាណាន ត្រង់​ស្រុក​វាល ទល់​មុខ​នឹង​គីល‌កាល ជិត​ដើម​ម៉ៃសាក់​របស់​ម៉ូរេ)

31 ដ្បិត​ឯង​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​មក ឯង​រាល់​គ្នា​នឹង​យក​ទុក​ជា​របស់​ផង​ឯង ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ផង

32 ដូច្នេះ ចូរ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដែល​អញ​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ចុះ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34