10 តែកាលណាបានឆ្លងទន្លេយ័រដាន់ ទៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យគ្រងជាមរដក ហើយទ្រង់បានប្រទានឲ្យសំរាកពីពួកខ្មាំងសត្រូវនៅជុំវិញ និងឲ្យឯងបាននៅដោយសុខសាន្តហើយ
11 នោះត្រូវនាំយកអស់ទាំងដង្វាយ ដែលអញបង្គាប់ឯង ទៅថ្វាយនៅកន្លែងណាដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់តាំងព្រះនាមទ្រង់ចុះ គឺអស់ទាំងដង្វាយដុត យញ្ញបូជា ដង្វាយ១ភាគក្នុង១០ ដង្វាយលើកចុះឡើង ហើយគ្រប់ទាំងផលជ្រើសរើស ដែលឯងបានបន់ថ្វាយព្រះយេហូវ៉ាផង
12 ត្រូវឲ្យឯងរាល់គ្នាអរសប្បាយឡើង នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ព្រមទាំងកូនប្រុស កូនស្រីឯង និងបាវប្រុសបាវស្រីឯង ហើយនឹងពួកលេវីដែលនៅក្នុងទីក្រុងឯងផង ដ្បិតពួកលេវីគ្មានចំណែក គ្មានមរដកនៅជាមួយនឹងឯងទេ
13 ចូរប្រយ័ត្ន កុំឲ្យថ្វាយដង្វាយដុតរបស់ឯងនៅអស់ទាំងទីកន្លែងណា ដែលឯងប្រទះឃើញនោះឡើយ
14 គឺត្រូវថ្វាយដង្វាយដុតរបស់ឯង នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើស ក្នុងពូជអំបូរឯងណាមួយវិញ ហើយនៅទីនោះ ឯងត្រូវធ្វើតាមគ្រប់ទាំងសេចក្ដី ដែលអញបង្គាប់មក។
15 ប៉ុន្តែឯងមានច្បាប់នឹងសំឡាប់ ហើយបរិភោគសាច់ នៅគ្រប់ទីក្រុងរបស់ឯងបាន តាមបំណងចិត្ត តាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានពរឲ្យ ទោះទាំងអ្នកដែលមិនស្អាត និងអ្នកដែលស្អាត ក៏បរិភោគបានទាំងអស់ ដូចជាបរិភោគសាច់ឈ្លូស និងប្រើសដែរ
16 ប៉ុន្តែមិនត្រូវបរិភោគឈាមឡើយ ត្រូវឲ្យចាក់ចោលទៅដីដូចជាទឹកវិញ