6 ក៏ត្រូវនាំយកអស់ទាំងដង្វាយដុត យញ្ញបូជា ដង្វាយ១ភាគក្នុង១០ដង្វាយលើកចុះឡើង ដង្វាយលាបំណន់ ដង្វាយស្ម័គ្រពីចិត្ត និងកូនកើតដំបូងក្នុងហ្វូងគោ ហ្វូងចៀមឯង ទៅឯទីនោះដែរ
7 ហើយនៅទីនោះ ត្រូវឲ្យឯងរាល់គ្នាបរិភោគនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ហើយឯង និងពួកគ្រួសារឯង ត្រូវអរសប្បាយឡើង ដោយព្រោះគ្រប់ទាំងរបស់ដែលដៃឯងលូកទៅចាប់យក ពីរបស់ទាំងប៉ុន្មានដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានពរដល់ឯងហើយ
8 មិនត្រូវធ្វើដូចជាយើងធ្វើនៅទីនេះសព្វថ្ងៃ គឺតាមតែគ្រប់គ្នាគិតឃើញថាត្រូវនោះទេ
9 ដ្បិតឯងរាល់គ្នាមិនទាន់បានចូលដល់សេចក្ដីសំរាក និងមរដកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកនៅឡើយទេ
10 តែកាលណាបានឆ្លងទន្លេយ័រដាន់ ទៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យគ្រងជាមរដក ហើយទ្រង់បានប្រទានឲ្យសំរាកពីពួកខ្មាំងសត្រូវនៅជុំវិញ និងឲ្យឯងបាននៅដោយសុខសាន្តហើយ
11 នោះត្រូវនាំយកអស់ទាំងដង្វាយ ដែលអញបង្គាប់ឯង ទៅថ្វាយនៅកន្លែងណាដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់តាំងព្រះនាមទ្រង់ចុះ គឺអស់ទាំងដង្វាយដុត យញ្ញបូជា ដង្វាយ១ភាគក្នុង១០ ដង្វាយលើកចុះឡើង ហើយគ្រប់ទាំងផលជ្រើសរើស ដែលឯងបានបន់ថ្វាយព្រះយេហូវ៉ាផង
12 ត្រូវឲ្យឯងរាល់គ្នាអរសប្បាយឡើង នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ព្រមទាំងកូនប្រុស កូនស្រីឯង និងបាវប្រុសបាវស្រីឯង ហើយនឹងពួកលេវីដែលនៅក្នុងទីក្រុងឯងផង ដ្បិតពួកលេវីគ្មានចំណែក គ្មានមរដកនៅជាមួយនឹងឯងទេ