2 រួចទីសំគាល់ ឬការអស្ចារ្យនោះកើតមកមែន តាមដូចជាអ្នកនោះប្រាប់មកឯង ដោយល្បួងថា ចូរយើងទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះវិញ (ជាព្រះដែលឯងមិនបានស្គាល់សោះ)
3 នោះមិនត្រូវឲ្យឯងស្តាប់តាមពាក្យរបស់ហោរានោះ ឬអ្នកដែលយល់សប្តិនោះឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់គ្រាន់តែល្បងឯងមើល ឲ្យដឹងជាឯងរាល់គ្នាស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង អស់ពីចិត្ត អស់ពីព្រលឹងឯងឬទេ
4 ត្រូវឲ្យដើរតាមតែព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ហើយកោតខ្លាចដល់ទ្រង់ ព្រមទាំងកាន់តាមសេចក្ដីបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ និងស្តាប់តាមព្រះបន្ទូលទ្រង់ ក៏ត្រូវគោរពប្រតិបត្តិដល់ទ្រង់ ហើយនៅជាប់នឹងទ្រង់ផង
5 ឯហោរា ឬអ្នកយល់សប្តិនោះត្រូវតែសំឡាប់ចោលទៅ ពីព្រោះបានល្បួងឲ្យបះបោរនឹងព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញពីស្រុកអេស៊ីព្ទមក ព្រមទាំងលោះឲ្យរួចពីផ្ទះពួកបាវបំរើផង អ្នកនោះចង់តែទាញឲ្យឯងរាល់គ្នាបែរចេញ ពីផ្លូវដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានបង្គាប់ឲ្យដើរតាមនោះទេ យ៉ាងនោះឯងនឹងបានបំបាត់សេចក្ដីអាក្រក់ចេញពីពួកឯងទៅ។
6 បើសិនជាបង ឬប្អូនពោះ១នឹងឯង ឬកូនប្រុសកូនស្រីឯង ឬប្រពន្ធ ជាដួងជីវិតរបស់ឯង ឬសំឡាញ់ថ្លើម១នឹងឯង បានបបួលដោយសំងាត់ថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដ៏ទៃវិញ ជាព្រះដែលឯង ឬពួកអយ្យកោឯងមិនដែលបានស្គាល់សោះ
7 គឺក្នុងអស់ទាំងព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯង ទោះជិត ឬឆ្ងាយពីឯងក្តី ចាប់តាំងពីចុងផែនដីម្ខាង ដល់ចុងផែនដីម្ខាង
8 នោះមិនត្រូវព្រម ឬស្តាប់តាមអ្នកនោះឡើយ ក៏មិនត្រូវឲ្យភ្នែកឯងអាណិត ឬប្រណី ឬបំពួនទុកដែរ