ចោទិយ‌កថា 13:5-11 KHOV

5 ឯ​ហោរា ឬ​អ្នក​យល់​សប្តិ​នោះ​ត្រូវ​តែ​សំឡាប់​ចោល​ទៅ ពី​ព្រោះ​បាន​ល្បួង​ឲ្យ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​លោះ​ឲ្យ​រួច​ពី​ផ្ទះ​ពួក​បាវ​បំរើ​ផង អ្នក​នោះ​ចង់​តែ​ទាញ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ចេញ ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​ឲ្យ​ដើរ​តាម​នោះ​ទេ យ៉ាង​នោះ​ឯង​នឹង​បាន​បំបាត់​សេចក្ដី​អាក្រក់​ចេញ​ពី​ពួក​ឯង​ទៅ។

6 បើ‌សិន​ជា​បង ឬ​ប្អូន​ពោះ​១​នឹង​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង ឬ​ប្រពន្ធ ជា​ដួង​ជីវិត​របស់​ឯង ឬ​សំឡាញ់​ថ្លើម​១​នឹង​ឯង បាន​បបួល​ដោយ​សំងាត់​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដ៏ទៃ​វិញ ជា​ព្រះ​ដែល​ឯង ឬ​ពួក​អយ្យកោ​ឯង​មិន​ដែល​បាន​ស្គាល់​សោះ

7 គឺ​ក្នុង​អស់​ទាំង​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​ឯង ទោះ​ជិត ឬ​ឆ្ងាយ​ពី​ឯង​ក្តី ចាប់​តាំង​ពី​ចុង​ផែនដី​ម្ខាង ដល់​ចុង​ផែនដី​ម្ខាង

8 នោះ​មិន​ត្រូវ​ព្រម ឬ​ស្តាប់​តាម​អ្នក​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​អាណិត ឬ​ប្រណី ឬ​បំពួន​ទុក​ដែរ

9 ត្រូវ​តែ​ឯង​សំឡាប់​វិញ​កុំ​ខាន ត្រូវ​ឲ្យ​ឯង​ដាក់​ដៃ​លើ​អ្នក​នោះ​ជា​មុន​គេ រួច​សឹម​បណ្តា‌ជន​ទាំង​អស់​គ្នា​ជា​ខាង​ក្រោយ ដើម្បី​នឹង​សំឡាប់​អ្នក​នោះ​ចោល

10 ត្រូវ​ឲ្យ​ចោល​សំឡាប់​នឹង​ថ្ម ដ្បិត​ជា​អ្នក​រក​ទាញ​ឲ្យ​ឯង​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក

11 ដូច្នេះ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​ឮ រួច​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​យ៉ាង​នោះ​នៅ​ក្នុង​ពួក​ឯង​ត​ទៅ។