ចោទិយ‌កថា 15:2-8 KHOV

2 នេះ​ជា​របៀប​នៃ​ការ​ប្រោស​លែង​នោះ គឺ​គ្រប់​ទាំង​ម្ចាស់​បំណុល​ត្រូវ​តែ​លើក​លែង​បំណុល ចំពោះ​អ្នក​ជិត​ខាង​ដែល​បាន​ខ្ចី​ខ្លួន មិន​ត្រូវ​ឲ្យ​តឹង​ទារ​ពី​អ្នក​ជិត​ខាង​នោះ ឬ​ពី​បង​ប្អូន​ណា​ឡើយ ដ្បិត​ការ​ប្រោស​លែង​ផង​ព្រះ‌យេហូវ៉ា បាន​ប្រកាស​ប្រាប់​ស្រេច​ហើយ

3 ឯង​នឹង​ទារ​ពី​អ្នក​ប្រទេស​ក្រៅ​បាន តែ​របស់​អ្វី​ផង​ឯង​ដែល​នៅ​នឹង​បង​ប្អូន​ឯង នោះ​ត្រូវ​លើក​លែង​ចោល​ចេញ

4 ប៉ុន្តែ​នឹង​គ្មាន​អ្នក​ទ័ល‌ក្រ​នៅ​ជា​មួយ​នឹង​ឯង​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​ប្រទាន​មក ឲ្យ​ឯង​ចាប់​យក​ជា​មរដក​នោះ​ជា​មិន​ខាន

5 គឺ​បើ​ឯង​គ្រាន់​តែ​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​គ្រប់​ជំពូក​ប៉ុណ្ណោះ

6 ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ដូច​ជា​ទ្រង់​បាន​សន្យា​ហើយ នោះ​ឯង​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី​បាន ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ ហើយ​ឯង​នឹង​ត្រួត‌ត្រា​លើ​សាសន៍​ជា​ច្រើន តែ​គេ​មិន​ត្រូវ​ត្រួត‌ត្រា​លើ​ឯង​ទេ។

7 តែ​បើ‌សិន​ជា​មាន​អ្នក​ទ័ល‌ក្រ​ណា នៅ​ជា​មួយ​នឹង​ឯង​ដែរ ជា​បង​ប្អូន​ឯង​ដែល​នៅ​ទី​ក្រុង​ឯង ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​មក នោះ​មិន​ត្រូវ​ឲ្យ​ឯង​តាំង​ចិត្ត​របឹង ឬ​ក្តាប់​ដៃ​នឹង​បង​ប្អូន​ជា​អ្នក​ក្រ​នោះ​ឡើយ

8 គឺ​ត្រូវ​ឲ្យ​លា​ដៃ​ដល់​គេ​វិញ​ជា​កុំ​ខាន ហើយ​ឲ្យ​គេ​ខ្ចី​តាម​ចិត្ត ឲ្យ​ល្មម​ដល់​គ្រា​ទ័ល‌ក្រ​នោះ​ចុះ