6 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង ដូចជាទ្រង់បានសន្យាហើយ នោះឯងនឹងឲ្យសាសន៍ជាច្រើនខ្ចីបាន ឥតមានខ្ចីពីគេវិញឡើយ ហើយឯងនឹងត្រួតត្រាលើសាសន៍ជាច្រើន តែគេមិនត្រូវត្រួតត្រាលើឯងទេ។
7 តែបើសិនជាមានអ្នកទ័លក្រណា នៅជាមួយនឹងឯងដែរ ជាបងប្អូនឯងដែលនៅទីក្រុងឯង ក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានមក នោះមិនត្រូវឲ្យឯងតាំងចិត្តរបឹង ឬក្តាប់ដៃនឹងបងប្អូនជាអ្នកក្រនោះឡើយ
8 គឺត្រូវឲ្យលាដៃដល់គេវិញជាកុំខាន ហើយឲ្យគេខ្ចីតាមចិត្ត ឲ្យល្មមដល់គ្រាទ័លក្រនោះចុះ
9 ចូរប្រយ័ត្ន កុំឲ្យមានគំនិតអាក្រក់ក្នុងចិត្តឯង ដោយនឹកថា ឆ្នាំទី៧ជាឆ្នាំដែលត្រូវលើកលែង នោះជិតដល់ហើយ ហើយឯងគន់មើលបងប្អូនអ្នកក្រនោះ ដោយព្រងើយកន្តើយវិញ ឥតមានឲ្យអ្វីដល់គេសោះ ក្រែងគេប្តឹងដល់ព្រះយេហូវ៉ាពីឯង នោះនឹងបានរាប់ជាបាបដល់ឯង
10 ត្រូវឲ្យឯងចែកដល់គេជាកុំខាន ដោយមានចិត្តឥតស្តាយផង ដ្បិតបើប្រព្រឹត្តយ៉ាងដូច្នោះ នោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯងក្នុងគ្រប់ទាំងការរបស់ឯង ហើយក្នុងអស់ទាំងការអ្វី ដែលឯងដាក់ដៃធ្វើផង
11 ពីព្រោះពួកទាល់ក្រមិនចេះដែលផុតពីក្នុងស្រុកឡើយ ហេតុនេះបានជាអញបង្គាប់ដល់ឯងថា ត្រូវឲ្យឯងលាដៃដល់បងប្អូន និងពួកអ្នកទាល់ក្រ ហើយនឹងពួកកំសត់ទុរគត នៅក្នុងស្រុកឯងជាកុំខានវិញ។
12 បើបងប្អូនប្រុស ឬស្រីរបស់ឯង ដែលជាសាសន៍ហេព្រើរ គេលក់ខ្លួនមកឯង ក៏បាននៅបំរើឯងអស់៦ឆ្នាំហើយ នោះដល់ឆ្នាំទី៧ ត្រូវឲ្យលែងគេចេញឲ្យរួចទៅទទេ