18 អញនឹងបណ្តាលឲ្យមានហោរា១កើតឡើងពីពួកបងប្អូនគេ សំរាប់គេ ឲ្យដូចឯង ហើយអញនឹងដាក់ពាក្យអញទៅក្នុងមាត់ហោរានោះ អ្នកនោះនឹងប្រាប់ដល់គេតាមគ្រប់ទាំងសេចក្ដី ដែលអញនឹងបង្គាប់មក
19 ដូច្នេះបើអ្នកណាមិនស្តាប់តាមពាក្យអញ ដែលហោរានោះនឹងពោល ដោយនូវឈ្មោះអញ នោះអញនឹងធ្វើទោសដល់គេ។
20 ប៉ុន្តែហោរាណាដែលនឹងនិយាយប្រាប់អ្វី តាមតែអំពើចិត្ត ដោយនូវឈ្មោះអញ ជាសេចក្ដីដែលអញមិនបានបង្គាប់ឲ្យសោះ ឬដែលនឹងនិយាយដោយនូវឈ្មោះព្រះដទៃ ហោរានោះនឹងត្រូវស្លាប់
21 បើឯងគិតក្នុងចិត្តថា ធ្វើដូចម្តេចឲ្យយើងដឹងជាពាក្យណា ដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល
22 គឺកាលណាហោរាណានឹងទាយដោយនូវព្រះនាមព្រះយេហូវ៉ា នោះបើការនោះមិនឃើញមានមក ក៏មិនកើតមកទេ ពាក្យនោះហើយជាពាក្យដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល ហោរានោះបានពោលតាមតែអំពើចិត្តរបស់ខ្លួនទេ មិនត្រូវឲ្យឯងខ្លាចគេឡើយ។