ចោទិយ‌កថា 2:3-9 KHOV

3 ឯង​រាល់​គ្នា​បាន​ដើរ​ជុំវិញ​ភ្នំ​នេះ​ក៏​ល្មម​ណាស់​ហើយ ដូច្នេះ​ចូរ​បែរ​ទៅ​ខាង​ជើង​ចុះ

4 ហើយ​បង្គាប់​ដល់​ពួក​បណ្តា‌ជន​ថា ឯង​រាល់​គ្នា​នឹង​ត្រូវ​ដើរ​កាត់​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អេសាវ ជា​បង​ប្អូន​នៃ​ឯង ដែល​នៅ​ស្រុក​សៀរ ហើយ​គេ​នឹង​ខ្លាច​ឯង ដូច្នេះ​ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន‌ទែន

5 កុំ​ឲ្យ​ត​នឹង​គេ​ឡើយ ដ្បិត​អញ​មិន​ឲ្យ​ស្រុក​គេ​ដល់​ឯង​រាល់​គ្នា​ទេ សូម្បី​ឲ្យ​ល្មម​គ្រាន់​នឹង​ដាក់​បាត​ជើង​ចុះ​ក៏​មិន​មាន​ដែរ ពី​ព្រោះ​អញ​បាន​ឲ្យ​ភ្នំ​សៀរ ទុក​ជា​កេរ‌អាករ​ដល់​អេសាវ​ហើយ

6 ត្រូវ​ឲ្យ​ឯង​ទិញ​ស្បៀង​អាហារ​ពី​គេ​បរិភោគ​ទៅ ក៏​ត្រូវ​ទិញ​ទឹក​ពី​គេ​ផឹក​ដែរ

7 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ដែល​ដៃ​ឯង​ធ្វើ ទ្រង់​ក៏​ស្គាល់​ផ្លូវ​ដែល​ឯង​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​សំបើម​នេះ​ផង ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​ឯង អស់​រវាង​៤០​ឆ្នាំ​នេះ ហើយ​ឯង​គ្មាន​ខ្វះ‌ខាត​អ្វី​ឡើយ។

8 ដូច្នេះ​យើង​រាល់​គ្នា​ក៏​ដើរ​បង្ហួស ពី​ពួក​កូន​ចៅ​អេសាវ​ជា​បង​ប្អូន​យើង ដែល​នៅ​ស្រុក​សៀរ ទៅ​តាម​ផ្លូវ​ស្រុក​វាល​តាម​អេឡាត និង​អេស៊ាន-គេប៊ើរ រួច​បែរ​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ម៉ូអាប់​វិញ

9 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អញ​ថា កុំ​ឲ្យ​ធ្វើ​ទុក្ខ​សាសន៍​ម៉ូអាប់​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ អញ​មិន​ឲ្យ​ស្រុក​គេ​ដល់​ឯង​រាល់​គ្នា​ទេ ពី​ព្រោះ​អញ​បាន​ឲ្យ​ស្រុក​អើរ ដល់​ពួក​កូន​ចៅ​ឡុត ទុក​ជា​កេរ‌អាករ​ហើយ