1 បើកាលណាមានមនុស្សកើតរឿងទាស់ទែងគ្នា ហើយគេប្តឹងផ្តល់ដល់ចៅក្រមឲ្យជំនុំជំរះក្តីនោះ នោះត្រូវឲ្យចៅក្រមតាំងឲ្យអ្នកដែលសុចរិត បានជាសុចរិតចុះ ហើយកាត់ទោសដល់អ្នកដែលមានទោសវិញ
2 បើអ្នកមានទោសនោះគួរឲ្យវាយ នោះចៅក្រមត្រូវឲ្យដេកទៅ ហើយឲ្យគេវាយនៅចំពោះមុខ ត្រូវវាយឲ្យគ្រប់ចំនួន ល្មមនឹងទោសអ្នកនោះ
3 មានច្បាប់នឹងវាយដល់៤០រំពាត់ មិនត្រូវឲ្យលើសឡើយ ក្រែងអ្នកដែលជាបងប្អូនឯងនោះ មើលទៅដូចជាទាបថោកពេកដល់ឯង ដោយឯងវាយជាច្រើនលើសប្រមាណ។
4 មិនត្រូវឃ្លុំមាត់គោដែលកំពុងបញ្ជាន់ស្រូវឡើយ។
5 កាលណាមានបងប្អូនបង្កើតនៅជាមួយគ្នា ហើយម្នាក់ស្លាប់ទៅឥតមានកូន នោះប្រពន្ធរបស់អ្នកដែលស្លាប់មិនត្រូវធ្វើជាប្រពន្ធអ្នកក្រៅណាទេ ត្រូវឲ្យបង ឬប្អូនថ្លៃចូលទៅឯនាង យកធ្វើជាប្រពន្ធ ហើយត្រូវសំរេចដល់នាង តាមការដែលបង ឬប្អូនថ្លៃត្រូវធ្វើ
6 រួចកូនដែលនាងបង្កើតមុនដំបូង ត្រូវបន្តឈ្មោះរបស់អ្នក ដែលស្លាប់ទៅហើយនោះវិញ ដើម្បីកុំឲ្យឈ្មោះគាត់ បានលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ
7 តែបើអ្នកនោះមិនចូលចិត្តនឹងយកប្រពន្ធរបស់គាត់ទេ នោះត្រូវឲ្យនាងចូលទៅឯពួកចាស់ទុំ ត្រង់ទ្វារក្រុងប្តឹងថា ប្អូនថ្លៃខ្ញុំមិនព្រមភ្ជាប់ឈ្មោះឲ្យបងខ្លួន ក្នុងសាសន៍អ៊ីស្រាអែលទេ គាត់មិនចង់សំរេចដល់ខ្ញុំតាមការដែលប្អូនថ្លៃត្រូវធ្វើសោះ
8 នោះពួកចាស់ទុំនៃក្រុងនោះ ត្រូវហៅអ្នកនោះមកនិយាយគ្នា តែបើគាត់នៅតែថា ខ្ញុំមិនចូលចិត្តយកនាងទេ
9 នោះប្រពន្ធរបស់បងត្រូវចូលទៅជិតអ្នកនោះ នៅមុខពួកចាស់ទុំ ដោះស្បែកជើងពីអ្នកនោះចេញ រួចស្តោះទឹកមាត់ដាក់មុខគេ ហើយនិយាយថា ត្រូវតែប្រព្រឹត្តយ៉ាងដូច្នេះ នឹងមនុស្សណាដែលមិនព្រមបន្តពូជឲ្យបងខ្លួន
10 រួចនៅក្នុងសាសន៍អ៊ីស្រាអែល គេនឹងហៅអ្នកនោះថា ជាគ្រួមនុស្សដែលត្រូវគេដោះស្បែកជើងចេញ។
11 បើកាលណាមនុស្សកំពុងតែប្រវាយគ្នា ហើយប្រពន្ធអ្នកមួយចូលមកចង់ជួយដោះប្ដីខ្លួន ពីកណ្តាប់ដៃនៃអ្នកដែលវាយ រួចនាងលូកដៃទៅចាប់ត្រង់កេរខ្មាសរបស់អ្នកនោះ
12 នោះត្រូវឲ្យកាប់ដៃនាងចេញ មិនត្រូវឲ្យភ្នែកឯងមើលប្រណីនាងទេ។
13 នៅក្នុងថង់ឯង មិនត្រូវមានកូនជញ្ជីង២យ៉ាង គឺ១ធ្ងន់១ស្រាលឡើយ
14 ក៏មិនត្រូវមានរង្វាល់២យ៉ាង១ធំ១តូច នៅក្នុងផ្ទះឯងដែរ
15 ត្រូវឲ្យមានកូនជញ្ជីងត្រឹមត្រូវពេញទំងន់ និងរង្វាល់ត្រឹមត្រូវពេញខ្នាតដែរ ដើម្បីឲ្យឯងមានជីវិតយូរអង្វែងតទៅ នៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ
16 ដ្បិតអស់អ្នកណាដែលធ្វើយ៉ាងនោះ គឺដែលប្រព្រឹត្តការដ៏ទុច្ចរិត នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ជាព្រះនៃឯងណាស់។
17 ចូរនឹកចាំ ពីការដែលសាសន៍អាម៉ាលេកបានធ្វើដល់ឯងតាមផ្លូវ ក្នុងកាលដែលឯងចេញពីស្រុកអេស៊ីព្ទមកនោះ
18 គឺគេបានមកទាស់នឹងឯងតាមផ្លូវ ក្នុងកាលដែលឯងអស់កំឡាំង ហើយល្វើយ គេបានវាយពួកអ្នកខ្សោយដែលដើរខាងក្រោយ ឥតមានកោតខ្លាចដល់ព្រះសោះ
19 ដូច្នេះកាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បានឲ្យឈប់សំរាកខាងឯពួកខ្មាំងសត្រូវនៅជុំវិញ ក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យឯងចាប់យកជាមរដកហើយ នោះត្រូវឲ្យលុបសេចក្ដីនឹកចាំចំពោះសាសន៍អាម៉ាលេក ពីក្រោមមេឃចេញ កុំឲ្យឯងភ្លេចនឹងធ្វើការនេះឡើយ។