14 ឥតមានងាកបែរទៅខាងស្តាំ ឬខាងឆ្វេង ចេញពីព្រះបន្ទូលណាមួយ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីនឹងរក ហើយគោរពប្រតិបត្តិតាមព្រះដទៃនោះឡើយ។
15 ប៉ុន្តែ បើឯងមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយមិនប្រយ័ត្ននឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីបញ្ញត្ត និងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះទេ នោះអស់ទាំងសេចក្ដីបណ្តាសាទាំងនេះនឹងផ្សាយមកលើឯង ហើយរត់មករកឯងផង
16 គឺឯងនឹងត្រូវបណ្តាសានៅក្នុងទីក្រុង ហើយនៅស្រែចំការដែរ
17 ឯកំប្រោង និងស្បៀងអាហាររបស់ឯង នោះនឹងត្រូវបណ្តាសាវិញ
18 ផលដែលកើតពីពោះ និងផលកើតពីដីឯង ហើយនឹងសេចក្ដីចំរើនរបស់ហ្វូងគោ និងកូនទាំងប៉ុន្មានរបស់ហ្វូងចៀមឯង នោះនឹងត្រូវបណ្តាសាទាំងអស់
19 ឯងនឹងត្រូវបណ្តាសា ក្នុងកាលដែលឯងចូលមក ហើយនឹងត្រូវបណ្តាសា ក្នុងកាលដែលឯងចេញទៅផង។
20 ព្រះយេហូវ៉ាទ្រង់នឹងចាត់សេចក្ដីបណ្តាសា និងសេចក្ដីបាក់បប ហើយសេចក្ដីបន្ទោសមកលើឯង ក្នុងគ្រប់ការអ្វីដែលឯងដាក់ដៃធ្វើ ដរាបដល់ត្រូវបំផ្លាញចេញ ហើយវិនាសអស់ទៅជាឆាប់ផង ដោយព្រោះអំពើអាក្រក់របស់ឯង ដែលបានលះបង់ចោលអញ