29 ឯងនឹងដើរស្ទាបរកផ្លូវទាំងថ្ងៃត្រង់ ដូចជាមនុស្សខ្វាក់ស្ទាបរាវរកផ្លូវក្នុងទីងងឹតដែរ ហើយឯងនឹងធ្វើការអ្វី តាមផ្លូវប្រព្រឹត្តរបស់ឯង ក៏មិនកើតឡើយ គេនឹងសង្កត់សង្កិនឯងជានិច្ច ហើយបំបាត់យករបស់ឯងជាដរាប ឥតមានអ្នកណាជួយឡើយ
30 ឯងនឹងដណ្តឹងប្រពន្ធ តែនឹងមានអ្នកឯទៀតរួមដំណេកនឹងនាងវិញ ឯងនឹងសង់ផ្ទះ តែមិនបានឡើងនៅទេ ឯងនឹងដាំចំការទំពាំងបាយជូរ តែមិនបានទទួលផលផ្លែទេ
31 គេនឹងសំឡាប់គោឯងនៅចំពោះភ្នែកឯង តែឯងមិនបានបរិភោគសោះ គេនឹងកំហែងយកលាពីមុខឯងទៅ ឥតប្រគល់មកវិញឡើយ គេនឹងឲ្យហ្វូងចៀមឯង ទៅពួកខ្មាំងសត្រូវវិញ ឥតមានអ្នកណានឹងជួយឯងផង
32 គេនឹងឲ្យកូនប្រុសកូនស្រីឯងដល់សាសន៍ដទៃ ភ្នែកឯងនឹងស្រវាំងទៅ ដោយនឹករឭក ហើយសំឡឹងមើលតាមវាជានិច្ច ដៃឯងក៏នឹងគ្មានកំឡាំងសោះ
33 សាសន៍១ដែលឯងមិនស្គាល់ គេនឹងស៊ីបំផ្លាញផលពីដី និងការនឿយហត់របស់ឯងទាំងអស់ ឯងនឹងត្រូវគេសង្កត់សង្កិនជានិច្ច ហើយជិះជាន់ជាដរាប
34 ដល់ម៉្លេះបានជាឯងនឹងវង្វេងស្មារតី ដោយអស់ទាំងការដែលឯងមើលឃើញនឹងភ្នែក
35 ព្រះយេហូវ៉ាទ្រង់នឹងវាយឯងនៅត្រង់ក្បាលជង្គង់ ហើយនៅជើង ឲ្យកើតមានដំបៅអាក្រក់ ចាប់តាំងពីបាតជើងទៅដល់ក្រយៅក្បាល ដែលឥតមានអ្នកណាមើលឲ្យជាបានឡើយ។