36 ព្រះយេហូវ៉ាទ្រង់នឹងនាំយកឯង ហើយនឹងស្តេចដែលឯងនឹងតាំងឡើងលើឯង ទៅឯនគរ១ទៀត ដែលឯង និងពួកអយ្យកោឯងមិនដែលបានស្គាល់ នៅស្រុកនោះឯងនឹងគោរពប្រតិបត្តិ ដល់ព្រះដទៃ ដែលធ្វើពីឈើ ហើយពីថ្ម
37 ឯងនឹងត្រឡប់ទៅជាទីអស្ចារ្យ និងជាទីប្រៀបធៀប ហើយជាទីដំនៀល នៅកណ្តាលគ្រប់អស់ទាំងសាសន៍ ដែលព្រះយេហូវ៉ានឹងនាំឯងទៅនៅនោះ
38 ឯងនឹងនាំយកពូជពង្រោះជាច្រើន ទៅសាបព្រោះនៅក្នុងស្រែឯង តែនឹងច្រូតបានតែបន្តិចវិញទេ ដ្បិតកណ្តូបនឹងកាត់បំផ្លាញទាំងអស់ទៅ
39 ឯងនឹងដាំចំការទំពាំងបាយជូរ ហើយខំថែរក្សាផង តែមិនបានក្រេបរសរបស់ផ្លែនោះឡើយ ក៏មិនបានទាំងបេះផង ដ្បិតដង្កូវនឹងស៊ីទាំងអស់ទៅ
40 ឯងនឹងមានដើមអូលីវ នៅពេញក្នុងស្រុកឯង តែមិនបានយកប្រេងមកលាបខ្លួនសោះ ដ្បិតក្តឹបនឹងជ្រុះរុះទាំងអស់ទៅ
41 ឯងនឹងបង្កើតបានកូនប្រុសកូនស្រី តែមិនបានជារបស់ផងឯងទេ ដ្បិតគេនឹងនាំវាទៅជាឈ្លើយ
42 អស់ទាំងដើមឈើ និងផលកើតពីដីរបស់ឯង នោះនឹងបានជារបស់ផងកណ្តូបវិញ