39 ឯងនឹងដាំចំការទំពាំងបាយជូរ ហើយខំថែរក្សាផង តែមិនបានក្រេបរសរបស់ផ្លែនោះឡើយ ក៏មិនបានទាំងបេះផង ដ្បិតដង្កូវនឹងស៊ីទាំងអស់ទៅ
40 ឯងនឹងមានដើមអូលីវ នៅពេញក្នុងស្រុកឯង តែមិនបានយកប្រេងមកលាបខ្លួនសោះ ដ្បិតក្តឹបនឹងជ្រុះរុះទាំងអស់ទៅ
41 ឯងនឹងបង្កើតបានកូនប្រុសកូនស្រី តែមិនបានជារបស់ផងឯងទេ ដ្បិតគេនឹងនាំវាទៅជាឈ្លើយ
42 អស់ទាំងដើមឈើ និងផលកើតពីដីរបស់ឯង នោះនឹងបានជារបស់ផងកណ្តូបវិញ
43 អ្នកប្រទេសក្រៅដែលនៅជាមួយ នឹងឡើងទៅជាខ្ពស់ជាងឯងជាដរាប ហើយឯងនឹងចុះទៅជាទាបជាងគេ
44 គេនឹងឲ្យឯងខ្ចី តែឯងមិនបានឲ្យគេខ្ចីទេ គេនឹងធ្វើជាក្បាល ហើយឯងនឹងទៅជាកន្ទុយវិញ។
45 គ្រប់ទាំងសេចក្ដីបណ្តាសាទាំងនេះ នឹងផ្សាយមកលើឯង ហើយនឹងដេញតាមឯងទាន់ផង ដរាបដល់ឯងវិនាសបាត់ទៅ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីនឹងកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលទ្រង់បានបង្គាប់មកឯងនោះ