12 នៅគ្រានោះ យើងបានចាប់យកស្រុកនោះ ទុកជាកេរអាកររបស់យើង អញបានឲ្យស្រុកនោះ ចាប់តាំងពីអារ៉ូអ៊ើរ នៅមាត់ស្ទឹងអើណូន និងស្រុកភ្នំកាឡាត១ចំហៀង ព្រមទាំងទីក្រុងនៃស្រុកនោះទាំងប៉ុន្មានដល់ពួករូបេន និងពួកកាឌ់
13 ឯស្រុកកាឡាតដែលសល់ និងស្រុកបាសាន ជានគររបស់ស្តេចអុកទាំងអស់ នោះអញបានឲ្យដល់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺជាស្រុកអើកុបទាំងមូល ដែលជាស្រុកបាសានផង (ស្រុកនោះក៏ហៅជាស្រុករបស់ពួករេផែម
14 យ៉ាអ៊ារជាកូនម៉ាន៉ាសេ បានចាប់យកស្រុកអើកុបទាំងមូល រហូតដល់ព្រំស្រុកកេស៊ូរី និងស្រុកម៉ាកាធីផង រួចគាត់ហៅស្រុកបាសាននោះ តាមឈ្មោះរបស់ខ្លួន គឺជាហាវ៉ុត-យ៉ាអ៊ារ ដរាបដល់សព្វថ្ងៃនេះ)
15 ហើយអញបានឲ្យស្រុកកាឡាតដល់ម៉ាគារ
16 ឯពួករូបេន ហើយនឹងពួកកាឌ់ នោះអញបានឲ្យស្រុកដល់គេ ចាប់តាំងពីស្រុកកាឡាត រហូតដល់ស្ទឹងអើណូន ដែលមានព្រំខណ្ឌនៅជាកណ្តាលស្ទឹងនោះ ហើយរហូតដល់ស្ទឹងយ៉ាបុក ជាព្រំស្រុកនៃពួកកូនចៅអាំម៉ូន
17 ព្រមទាំងស្រុកវាល ដែលមានទន្លេយ័រដាន់ទុកជាព្រំខណ្ឌ ចាប់តាំងពីសមុទ្រគេនេសារ៉ែត រហូតដល់សមុទ្រអំបិលដែលនៅស្រុកវាល ត្រង់ជើងភ្នំពីសកាខាងកើត។
18 នៅគ្រានោះ អញបានបង្គាប់ឯងរាល់គ្នាថា ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានស្រុកនេះដល់ឯងទុកជាកេរអាករ ដូច្នេះត្រូវឲ្យឯងរាល់គ្នា ដែលថ្នឹកចំបាំងពាក់គ្រឿងសស្ត្រាវុធ ឆ្លងនាំមុខពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនឯងទៅ