ចោទិយ‌កថា 3:14-20 KHOV

14 យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ បាន​ចាប់​យក​ស្រុក​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​កេស៊ូរី និង​ស្រុក​ម៉ាកាធី​ផង រួច​គាត់​ហៅ​ស្រុក​បាសាន​នោះ តាម​ឈ្មោះ​របស់​ខ្លួន គឺ​ជា​ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ)

15 ហើយ​អញ​បាន​ឲ្យ​ស្រុក​កាឡាត​ដល់​ម៉ាគារ

16 ឯ​ពួក​រូបេន ហើយ​នឹង​ពួក​កាឌ់ នោះ​អញ​បាន​ឲ្យ​ស្រុក​ដល់​គេ ចាប់​តាំង​ពី​ស្រុក​កាឡាត រហូត​ដល់​ស្ទឹង​អើណូន ដែល​មាន​ព្រំ‌ខណ្ឌ​នៅ​ជា​កណ្តាល​ស្ទឹង​នោះ ហើយ​រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន

17 ព្រម​ទាំង​ស្រុក​វាល ដែល​មាន​ទន្លេ​យ័រដាន់​ទុក​ជា​ព្រំ‌ខណ្ឌ ចាប់​តាំង​ពី​សមុទ្រ​គេនេ‌សារ៉ែត រហូត​ដល់​សមុទ្រ​អំបិល​ដែល​នៅ​ស្រុក​វាល ត្រង់​ជើង​ភ្នំ​ពីសកា​ខាង​កើត។

18 នៅ​គ្រា​នោះ អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ស្រុក​នេះ​ដល់​ឯង​ទុក​ជា​កេរ‌អាករ ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា ដែល​ថ្នឹក​ចំបាំង​ពាក់​គ្រឿង​សស្ត្រា‌វុធ ឆ្លង​នាំ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​ឯង​ទៅ

19 តែ​ឯ​ប្រពន្ធ​កូន និង​ហ្វូង​សត្វ​របស់​ឯង នោះ​ត្រូវ​ទុក​ឲ្យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ឲ្យ​ដល់​ឯង​វិញ (ដ្បិត​អញ​ដឹង​ថា ឯង​រាល់​គ្នា​មាន​ហ្វូង​សត្វ​ច្រើន)

20 ទាល់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​ពួក​បង​ប្អូន​ឯង បាន​សេចក្ដី​សំរាក​ដូច​ជា​ឯង​ដែរ ព្រម​ទាំង​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ រួច​សឹម​ឯង​រាល់​គ្នា​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​ឯង​រៀង​ខ្លួន ដែល​អញ​បាន​ឲ្យ​ដល់​ឯង​រាល់​គ្នា​ចុះ