2 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ ព្រមទាំងរាស្ត្រទាំងប៉ុន្មាន និងស្រុករបស់គេផង ត្រូវឲ្យឯងធ្វើដល់គេ ដូចជាបានធ្វើដល់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូនដែរ
3 ដូច្នេះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់ក៏ប្រគល់អុក ជាស្តេចស្រុកបាសាននោះ និងរាស្ត្រទាំងប៉ុន្មានមកក្នុងកណ្តាប់ដៃនៃយើងដែរ ហើយយើងបានវាយពួកខាងទ្រង់ ទាល់តែគ្មាននៅសល់១ឡើយ
4 យើងចាប់យកអស់ទាំងទីក្រុងរបស់ទ្រង់នៅគ្រានោះ គ្មានទីក្រុងណាមួយដែលយើងមិនបានចាប់យកពីគេនោះទេ រាប់ទាំងអស់បានទីក្រុង៦០ គឺស្រុកអើកុបទាំងមូល ដែលជានគររបស់ស្តេចអុក នៅស្រុកបាសាន
5 អស់ទាំងទីក្រុងទាំងនោះ សុទ្ធតែមានបន្ទាយមានកំផែងយ៉ាងខ្ពស់ណាស់នៅព័ទ្ធជុំវិញ ព្រមទាំងទ្វារ និងរនុកផង ក៏ចាប់យកទីក្រុងឯទៀតជាច្រើន ដែលឥតមានកំផែងដែរ
6 យើងបានរំលាងទីក្រុងទាំងនោះអស់រលីងទៅ ដូចជាបានធ្វើដល់ស៊ីហុនជាស្តេចក្រុងហែសបូនដែរ គឺបានរំលាងអស់ទាំងទីក្រុងទាំងមូល ព្រមទាំងមនុស្សប្រុសស្រី និងកូនក្មេងផង
7 តែឯសត្វទាំងប៉ុន្មាន និងរបឹបនៃទីក្រុងទាំងនោះ យើងបានយកទុកសំរាប់ខ្លួនយើងវិញ។
8 នៅគ្រានោះ យើងបានយកស្រុកនោះ ពីអំណាចនៃស្តេចសាសន៍អាម៉ូរីទាំង២អង្គ ដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីស្ទឹងអើណូន ទៅដល់ភ្នំហ៊ើម៉ូន