22 ដ្បិតភ្លើងនៃសេចក្ដីកំហឹងរបស់អញបានឆួលឡើងហើយ ក៏ឆេះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ទីជ្រៅបំផុត ព្រមទាំងចំរើនឡើងឆេះបន្សុសផែនដី ហើយបង្កាត់ភ្លើងនៅបាតភ្នំទាំងប៉ុន្មានផង
23 អញនឹងបង្គរសេចក្ដីអាក្រក់ទៅលើគេ អញនឹងបាញ់ព្រួញអញអស់រលីងទៅលើគេ
24 គេឆេះត្រូវរីងរៃទៅដោយឃ្លាន ហើយរោយរៀវទៅដោយអំណាចក្តៅ និងសេចក្ដីហិនវិនាសដ៏ជូរចត់ ហើយអញនឹងចាត់សត្វព្រៃទៅខាំគេ ព្រមទាំងសត្វលូនវារនៅដីឲ្យទៅចឹកផង
25 ឯខាងក្រៅ នោះដាវនឹងបង្អត់ ហើយក្នុងបន្ទប់ខាងក្នុង នោះនឹងមានសេចក្ដីស្ញែងខ្លាច ដល់ទាំងមនុស្សកំឡោះ និងស្រីក្រមុំ ហើយទាំងកូនដែលនៅបៅដោះ និងមនុស្សសក់ស្កូវផង
26 អញបានប្រាប់ថា អញនឹងកំចាត់កំចាយគេឲ្យទៅជាឆ្ងាយ អញនឹងបំបាត់សេចក្ដីនឹកចាំពីគេ ចេញពីពួកមនុស្សលោកទៅ
27 តែអញខ្លាចការបង្អុចបង្អាលរបស់ពួកខ្មាំងសត្រូវគេ ក្រែងពួកទាស់ទទឹងទាំងនោះ បានមើលងាយហើយក្រែងគេថា ដៃយើងបានឈ្នះទេ មិនមែនជាព្រះយេហូវ៉ាដែលធ្វើការទាំងនេះឡើយ
28 ដ្បិតគេជាសាសន៍ដែលឥតមានសេចក្ដីដំបូន្មាន គេគ្មានយោបល់នៅក្នុងខ្លួនសោះ។