ចោទិយ‌កថា 32:32-38 KHOV

32 ដ្បិត​គល់​របស់​គេ គឺ​ជា​គល់​របស់​ក្រុង​សូដុំម ហើយ​ក៏​មក​ពី​ចំការ​របស់​ក្រុង​កូម៉ូរ៉ា ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​គេ ជា​ផ្លែ​មាន​រស​ពុល ចង្កោម​គេ​ក៏​ជូរ​ចត់​ដែរ

33 ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ជា​ពិស​របស់​នាគ ហើយ​ជា​ពិស​សាហាវ​របស់​ពស់​ហនុមាន​ផង

34 នេះ​តើ​មិន​មែន​ដាក់​ទុក​នឹង​អញ​ព្រម​ទាំង​បិទ​ត្រា នៅ​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​អញ​ទេ​ឬ​អី

35 គឺ​សេចក្ដី​សង‌សឹក និង​សេចក្ដី​សង​គុណ នោះ​ស្រេច​នៅ​អញក្នុង​កាល​ដែល​ជើង​គេ​រអិល​ភ្លាត់ ដ្បិត​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ នោះ​ជិត​មក​ដល់ ហើយ​ការ​ដែល​ត្រូវ​មក​លើ​គេ​ក៏​មក​ជា​ឆាប់​ផង

36 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​សេចក្ដី​ឲ្យ​រាស្ត្រ​ទ្រង់​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បំរើ​របស់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​ទត​ឃើញ​ថា កំឡាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ និង​អ្នក​ជា​ផង

37 នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​ព្រះ​របស់​គេ គឺ​ជា​ថ្មដា​នោះ ដែល​គេ​បាន​យក​ជា​ទី​ពឹង តើ​នៅ​ឯ​ណា

38 ជា​ព្រះ​ដែល​បាន​ទទួល​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​គេ ព្រម​ទាំង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​នៃ​ដង្វាយ​ច្រួច​របស់​គេ ចូរ​ឲ្យ​ព្រះ​ទាំង​នោះ​ក្រោក​ឡើង​ជួយ​ឯង​ចុះ ហើយ​ការ‌ពារ​ឯង​ទៅ