ចោទិយ‌កថា 32:46-52 KHOV

46 នោះ​លោក​ក៏​មាន​ប្រសាសន៍​ថា ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទាំង​អស់​ដែល​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ចុះ ដើម្បី​នឹង​បង្គាប់​ដល់​កូន​ចៅ​ឯង​រាល់​គ្នា ឲ្យ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ដែរ គឺ​ជា​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ

47 នេះ​មិន​មែន​ជា​សេចក្ដី​ឥត​ប្រយោជន៍​ដល់​ឯង​រាល់​គ្នា​ទេ គឺ​ជា​ជីវិត​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​ដោយ‌សារ​សេចក្ដី​នេះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ជីវិត​ជា​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា នឹង​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ចាប់​យក​នោះ។

48 នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ដល់​ម៉ូសេ​ថា

49 ចូរ​ឡើង​តាម​ភ្នំ​អាបារីម​នេះ ទៅ​ដល់​កំពូល​ភ្នំ​នេបូរ ដែល​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​យេរីខូរ ហើយ​មើល​ទៅ​ឯ​ស្រុក​កាណាន ដែល​អញ​ឲ្យ ទុក​ជា​កេរ‌អាករ ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ

50 រួច​ស្លាប់​នៅ​លើ​ភ្នំ​ដែល​ឯង​ឡើង​នោះ​ទៅ ឯង​នឹង​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ឯង ដូច​ជា​អើរ៉ុន​បង​ឯង​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ដែរ។

51 គឺ​ដោយ​ព្រោះ​ឯង​បាន​រំលង​ទាស់​នឹង​អញ នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ត្រង់​ទឹក​មេរីបា នៅ​ស្រុក​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន ពី​ព្រោះ​ឯង​មិន​បាន​លើក​អញ​ជា​បរិសុទ្ធ នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ

52 ឯង​នឹង​មើល​ស្រុក​នៅ​មុខ​ឯង​ឃើញ តែ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នោះ​ទេ។