47 នេះមិនមែនជាសេចក្ដីឥតប្រយោជន៍ដល់ឯងរាល់គ្នាទេ គឺជាជីវិតដល់ឯងរាល់គ្នាវិញ ហើយដោយសារសេចក្ដីនេះ នោះឯងរាល់គ្នានឹងបានជីវិតជាយូរអង្វែងតទៅ នៅក្នុងស្រុកដែលឯងរាល់គ្នា នឹងឆ្លងទន្លេយ័រដាន់ចូលទៅចាប់យកនោះ។
48 នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ដល់ម៉ូសេថា
49 ចូរឡើងតាមភ្នំអាបារីមនេះ ទៅដល់កំពូលភ្នំនេបូរ ដែលនៅក្នុងស្រុកម៉ូអាប់ ទល់មុខនឹងយេរីខូរ ហើយមើលទៅឯស្រុកកាណាន ដែលអញឲ្យ ទុកជាកេរអាករ ដល់ពួកកូនចៅអ៊ីស្រាអែលចុះ
50 រួចស្លាប់នៅលើភ្នំដែលឯងឡើងនោះទៅ ឯងនឹងបានប្រមូលទៅមូលនឹងពួកអយ្យកោឯង ដូចជាអើរ៉ុនបងឯងបានស្លាប់នៅលើភ្នំហោរ ហើយបានប្រមូលទៅមូលនឹងពួកអយ្យកោដែរ។
51 គឺដោយព្រោះឯងបានរំលងទាស់នឹងអញ នៅក្នុងពួកកូនចៅអ៊ីស្រាអែល ត្រង់ទឹកមេរីបា នៅស្រុកកាដេសក្នុងទីរហោស្ថានស៊ីន ពីព្រោះឯងមិនបានលើកអញជាបរិសុទ្ធ នៅកណ្តាលពួកកូនចៅអ៊ីស្រាអែលទេ
52 ឯងនឹងមើលស្រុកនៅមុខឯងឃើញ តែមិនបានចូលទៅក្នុងស្រុក ដែលអញឲ្យដល់ពួកកូនចៅអ៊ីស្រាអែលនោះទេ។