9 ដ្បិតកេរអាកររបស់ព្រះយេហូវ៉ា នោះគឺជារាស្ត្ររបស់ទ្រង់ ហើយយ៉ាកុបជាចំណែកមរដកទ្រង់
10 ទ្រង់ឃើញលោកនៅតំបន់ស្ងាត់ ហើយនៅទីរហោស្ថានជាទីមានសុទ្ធតែសូរសព្ទគឹកកង នោះទ្រង់បានព័ទ្ធលោកជុំវិញ ហើយបានថែទាំ ព្រមទាំងរក្សាលោក ទុកដូចជាប្រស្រីព្រះនេត្ររបស់ទ្រង់
11 ឧបមាដូចជាសត្វឥន្ទ្រី ដែលដាស់តឿនកូននៅសំបុក ក៏ហើរសំរឹងពីលើ រួចត្រដាងស្លាបទទួលកូន ទ្រនៅលើចំអេងឡើង
12 ព្រះយេហូវ៉ាតែ១ព្រះអង្គ ទ្រង់បាននាំលោក ឥតមានព្រះដទៃណានៅជាមួយឡើយ
13 ទ្រង់បានបញ្ជិះលោកនៅលើទីខ្ពស់នៃផែនដី លោកបានបរិភោគផលចំរើនពីស្រែចំការ ហើយទ្រង់បានឲ្យលោកជញ្ជក់ទឹកឃ្មុំពីថ្មដា និងប្រេងពីថ្មដ៏រឹង
14 ក៏បានឲ្យបរិភោគខ្លាញ់ទឹកដោះ និងទឹកដោះសុទ្ធពីហ្វូងសត្វ ព្រមទាំងខ្លាញ់កូនចៀម និងចៀមឈ្មោលពូជពីស្រុកបាសាន ហើយពពែផង ក៏មានអង្ករភោជ្ជសាលីយ៉ាងត្រសូលផង ហើយលោកបានផឹកឈាមទំពាំងបាយជូរដ៏សុទ្ធ
15 តែយេស៊ូរុនបានឡើងសាច់ ហើយបានធាត់ឡើងវិញ គេបានចំរើនសាច់ឡើង បានត្រឡប់ជាក្រាស់មាំហើយ ក៏ធាត់រលីក នោះគេបានបោះបង់ចោលព្រះដែលបង្កើតខ្លួនមក ហើយបានមើលងាយដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់ខ្លួន