1 ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្ត ដែលអញបង្រៀនដល់ឯងរាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅទទួលយកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោឯង ទ្រង់ប្រទានមក
2 មិនត្រូវឲ្យឯងរាល់គ្នាបន្ថែមបញ្ចូលអ្វីៗក្នុងសេចក្ដីទាំងប៉ុន្មាន ដែលអញបង្គាប់ដល់ឯង ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យឯងរាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលអញបង្គាប់មកឯងនេះ
3 ភ្នែកឯងរាល់គ្នាបានឃើញការ ដែលព្រះយេហូវ៉ាទ្រង់ធ្វើ ដោយព្រោះដំណើរព្រះបាល-ពេអរ ដ្បិតអស់អ្នកណាដែលបានតាមព្រះបាល-ពេអរ នោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបំផ្លាញគេពីពួកឯងចេញ
4 តែពួកឯងរាល់គ្នា ដែលបាននៅជាប់នឹងព្រះយេហូវ៉ា ជាព្រះនៃឯង នោះបានរស់នៅដរាបដល់សព្វថ្ងៃនេះវិញ
5 មើល អញបានបង្រៀនច្បាប់ហើយនឹងបញ្ញត្តដល់ឯងរាល់គ្នា តាមដែលព្រះយេហូវ៉ាជាព្រះនៃអញ បានបង្គាប់មក ដើម្បីឲ្យឯងបានប្រព្រឹត្តតាមនៅក្នុងស្រុកដែលឯងត្រូវចូលទៅទទួលយក